January 19, 2018

មានស្អីបន្ទាប់ពីនេះ? (What’s next?) ដោយ អ៊ុម-ហាក់



មានស្អីបន្ទាប់ពីនេះ? (What’s next?) 
ដោយ អ៊ុម-ហាក់ ថ្ងៃទី១៧មករា ២០១៨

ចុងឆ្នាំ២០១៧ហ៊ុនសែនបានចាត់ការមួយចំនួនដែលប្អូន សំ-វិជ្ជាបានហៅថា‹‹ជ្រុលក្បាលក្រពើ››។

‹‹ជ្រុលក្បាលក្រពើ››មានន័យថាសកម្មភាពដែលគេបានធ្វើវាលឿនហួសពីបាកដកថយ ឬដកថយលែងរួច។ អំពើដែលអាចចាត់ទុកថា ‹‹ជ្រុលក្បាលក្រពើ››របស់ហ៊ុនសែនមាន៖

១- ចាប់កិមសុខាដាក់គុកនៅត្រពាំងផ្លុងខេត្តត្បូងឃ្មុំកាលពីថ្ងៃ ៣កញ្ញា២០១៧។

២- រំលាយគណបក្សសង្រ្គោះជាតិថ្ងៃទី១៦វិច្ឆិកា២០១៧។

៣- ប្លន់អាសនៈសមាជិកសភា នឹងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលពលរដ្ឋខ្មែរបោះឆ្នោតជូន យកទៅចែកឱ្យគណបក្សដែលពលរដ្ឋខ្ពើមរអើមរួមមានទាំងគណបក្សប្រជាជនកុម្មុយនិស្តដែលយួនបន្តុបឡើងផងដែរ ប្រៀបបានអាសនៈទាំងនោះជានុំបុណ្យខួបកំណើតដែលហ៊ុនសែនអាចកាត់ចែកគ្នាស៊ីតាមអំពើចិត្ត។

ដោយមិនទាំងមានប្រតិកម្មជាផ្លូវការពីជនរងគ្រោះផង បស្ចឹមប្រទេសស្ទើរតែទាំងអស់រួមគ្នាផ្តន្ទាទោសហ៊ុនសែន ទាមទារឱ្យហ៊ុនសែន៖

១- ដោះលែងកិមសុខាប្រធានបក្សសង្រ្គោះជាតិដោយឥតលក្ខខ័ណ្ឌ។ ២- តែងតាំងឡើងវិញ(reinstate)បក្សសង្រ្គោះជាតិ។

៣- ប្រគល់តំណែងសមាជិកសភានិងក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបក្សសង្រ្គោះជាតិវិញ។ បើរឹងរូសមិនព្រមតាមទេគេនឹងធ្វើសម្ពាធផ្សេងៗ ចាប់ផ្តើមពីបដិសេដទិដ្ឋាការមន្រ្តីមួយចំនួនដែលពាក់ព័ន្ធនឹងការរំលាយបក្សសង្រ្គោះជាតិ បង្កកគណនេយ្យធនាគារមន្រ្តីទាំងនោះព្រមទាំងគ្រួសារ អាចដល់ទៅផ្តាច់ការអនុគ្រោះពន្ធលើទំនិញដែល ខ្មែរនាំចូលមកប្រទេសគេផង ជាហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ដល់កម្មករកាត់ដេរ និងស្បែកជើងជិតមួយលាននាក់។ មួយលាននាក់ អត់ការធ្វើ អត់ប្រាក់ចំណូលអាចនាំឱ្យមានវិបត្តិសង្គមធ្ងន់ធ្ងរ ឈានទៅដល់បដិវត្តន៍មិនដឹងពណ៌ស្អី រដូវស្អី ឬផ្កាស្អីនោះឡើយ។  ហ៊ុនសែនប្រតិកម្មម្តេចដែរ?

ដើមបីរួមពិចារណា សូមអញ្ជើញបងប្អូនពាក់មួកហ៊ុនសែន ពាក់ស្បែកជើងហ៊ុនសែន និងវិភាគខួរហ៊ុនសែនប្រឈមមុខសម្ពាធអន្តរជាតិទាំងឡាយ។ ដូចប្អូនសំវិជ្ជាថា‹‹ជ្រុលក្បាលក្រពើ››ទៅហើយ។  ជ្រុលក្បាលក្រពើមានន័យថាហួសទៅហើយពីបាកចាក់ថយឬចាក់ថយ លែងរួច។ ខ្ញុំសូមបកស្រាយដូចតទៅ៖

១- ដោះលែងកិមសុខាដោយឥតលក្ខខ័ណ្ឌ ហ៊ុនសែនអាចធ្វើបានឬអត់? ខ្ញុំមិនជឿហ៊ុនសែនអាចធ្វើបានឡើយព្រោះថាការដោះលែងកិមសុខាដោយឥតលក្ខខ័ណ្ឌគឺជាការបង្កើតវិរបុរសខ្មែរម្នាក់

ដែលហ៊ុនសែនមិនអាចយកជ័យជំនះលើបានឡើយ។ ក្នុងករណីនេះ សម្បទានធំធេងបំផុតដែលហ៊ុនសែនអាចធ្វើបានគឺត្រិមតែដោះលែងឱ្យនៅក្រៅឃុំ ត្រូវទៅបង្ហាញខ្លួនមួយខែម្តងឬពីរដងគ្មាន

សិទ្ធិចេញក្រៅស្រុកគឺ‹‹ជាប់គុកឥតជញ្ជាំង››ប្រហែលក្រោយការបោះឆ្នោតសកល២០១៨ផង។

២- តែងតាំង (Reinstate)បក្សសង្រ្គោះជាតិឡើងវិញក៏ហ៊ុនសែនមិនអាចធ្វើបានដែរដោយហេតុ៖

ក- បក្សសង្រ្គោះជាតិត្រូវបានគេរំលាយដោយជោគជ័យរួចទៅហើយ។ អ្នកនាំពាក្យបក្សប្រជាជនបានគំរាមថា‹‹ខ្មោចដែលស្លាប់រួចទៅហើយមិនអនុញ្ញាតឱ្យរស់ឡើងវិញទេ មានន័យថាគ្រាន់តែឈ្មោះក៏គេ មិនអនុញ្ញាតផង។

ខ- ការដកតំណែងសមាជិកសភាស៊ីពែទាំង៥៥រូបមកប្រគល់ឱ្យ

បក្សសង្រ្គោះជាតិវិញសង្ស័យថាអាចច្រាសនឹងនយោបាយចិនប្រជាមានិតុ ព្រមទាំងជាការបង្កើតអមិត្តថ្មីពីបក្សហ៊្វុនស៊ិនប៉ិចនិងសមាជិកបក្សប្រជាជន១១នាក់ផងដែរ។

គ- ដកតំណែងក្រុមប្រឹក្សាឃុំសង្កាត់៥០០៧នាក់ដែលបក្សប្រជាជន យួនបន្តុបបានប្លន់ទាំងកណ្តាលថ្ងៃត្រង់មកប្រគល់ជូនបក្សសង្រ្គោះ ជាតិវិញ តើហ៊ុនសែនលេបរួចឬទេ? មួយលានឆ្នាំទៀតក៏ហ៊ុនសែនធ្វើមិនបានដែរ(Not in a million years)។ ហេតុអី?។ កុម្មុយនិស្តរំលំរបបជិះជាន់មានរបបសក្តិភូមិនិងអំណាចផ្តាច់ការដោយពឹងលើ កម្លាំងពលករនិងកសិករដែលពួកវាចាត់ទុកថាជាវណ្ណៈអធន។ ពេលនេះស្ថានការណ៍ក្រឡាប់ផ្កាប់ផ្ងារ ហ៊ុនសែនបានក្លាយជាជនផ្តាច់ការ វណ្ណៈសំបូរធន ជាវណ្ណៈជិះជាន់ម្តង។ ពលករនិងកសិករដែលជាវណ្ណៈដែលហ៊ុនសែនជិះជាន់ងើបឡើងប្រឆាំងជននេះម្តងវិញ។ ពលករនិងកសិករហ៊ុំព័ទ្ធហ៊ុនសែននៅក្រុងម្តងជាហេតុនាំឱ្យជននេះភ័យស្លន់ស្លោធ្វើអ្វីៗដែលយើងកំពុងឃើញពេលនេះ ដូចជាយកលុយដាក់ស្រោមសំបុត្រសូកកម្មករ ជួលស៊ីក្លូមកធាក់ស្រង់ប្រជាប្រិយភាព

ថោកជាដើម។ ក្រុមប្រឹក្សាឃុំសង្កាត់ជាស្មៅជើងក្រាសបានត្រូវហ៊ុនសែនប្លន់យកទៅក្តាប់ទាំងអស់ព្រោះកុម្មុយនិស្តដឹងច្បាស់ថាអំណាចខ្លួននឹងរលំរលាយពេលណាដែលជនបទហ៊ុំព័ទ្ធទីក្រុង។

ប្អូនសំវិជ្ជាហៅជនបររទេះ បានថា‹‹ជ្រុលក្បាលក្រពើ››មានន័យថាហ៊ុនសែនបានកន្លងបន្ទាត់ក្រហមប្រៀបបានត្រីចូលជុចដកថយមិនរួចចាំបាច់ត្រូវរុលទៅមុខទោះដឹងថានឹងស្លាប់ក៏ដោយ។

ដោះលែងកិមសុខា ប្រគល់ឈ្មោះបក្សសង្រ្គោះជាតិវិញ តែងតាំងសមាជិកសភានិងជាពិសេសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជូនគណបក្សសង្រ្គោះជាតិវិញសុទ្ធសឹងតែជាអ្វីដែលហ៊ុនសែនមិនអាច ធ្វើកើត។ ជំរើសរបស់ហ៊ុនសែនមានតែប្រឈមនឹងសម្ពាធអន្តរជាតិដល់នាទីចុងក្រោយទោះត្រូវតទល់នឹងបដិវត្តន៍ត្រជាក់ឬក្តៅយ៉ាង ណាក៏ដោយ។ ហ៊ុនសែនចំបាច់ត្រូវការពារអំណាចរបស់ខ្លួន‹‹ទោះដោយតម្លៃណាក៏ដោយ››។ សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់៣-៤ម៉ឺននាក់ឬលើសពីនេះក៏ហ៊ុនសែនមិនញញើតនឹងធ្វើឡើយ។

 នេះជាសេនារីយោមួយដែលខ្ញុំឃើញថាដែលនឹងអាចកើតឡើងនៅឆ្នាំ២០១៨នេះ។ តើអ្នកនយោបាយដែលតាំងខ្លួនថាជាអ្នកប្រជាធិបតេយ្យអាចឃើញសេនារីយោបែបនេះឬទេ? បានរកឃើញ

យុទ្ធសាស្រ្តទប់ទល់ច្បាស់លាស់ហើយឬនៅ? អាចមានសេនារីយោច្រើនទៀត ចាំមើលមានស្អីបន្ទាប់ពីនេះ។

ទីបញ្ចប់ខ្ញុំគ្មានជំនឿថាការបង្កើតចលនាសង្រ្គោះជាតិជាដំណោះស្រាយបញ្ហាមាតាខ្មែរគ្រានេះឡើយ។ 

ស្វាគមន៍ការរិះគន់គ្រប់យ៉ាង៕

អ៊ុម ហាក់     ១៨មករា២០១៨

No comments: