April 21, 2017

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ឃាត់​ឡាន​ដឹក​ថ្ម​ដែល​បង្ក​ឲ្យ​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព

ឡាន​ដឹក​ជញ្ជូន​ថ្ម​កាត់​តាម​ផ្លូវ​ក្រួស​ក្រហម​មុខ​ផ្ទះ​ពលរដ្ឋ​ភូមិ​ភ្នំតូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Chin Chetha

ដោយ ជិន ជេដ្ឋា RFA 2017-04-21

មេ​ភូមិ និង​ពលរដ្ឋ​រស់​នៅ​ភូមិ​ភ្នំតូច នៃ​ឃុំ​ពង្រ ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត​ចំពោះ​ក្រុមហ៊ុន​វាយ​ថ្ម និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់លើ​ដែល​មិន​បាន​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ថ្ម​កាត់​ភូមិ ឬ​ធ្វើ​កុំ​ឲ្យ​ដី​នៅ​លើ​ផ្លូវ​ហុយ​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។ អាជ្ញាធរ​ថា នឹង​ជំរុញ​ឲ្យ​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​ថ្ម​ទាំង​អស់​ស្រោច​ទឹក​តាម​ផ្លូវ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​កាត់​បន្ថយ​ដី​ហុយ​​ក្នុង​ដំណាក់កាល​រង់ចាំ​ធ្វើ​ផ្លូវ​ចាក់​បេតុង​ថ្មី។

ផ្ទះ​របស់​អ្នក​ភូមិ​ភ្នំតូច ដែល​សង់​នៅ​អម​សងខាង​ផ្លូវ​លំ ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ៣​គីឡូម៉ែត្រ បាន​ប្រែ​ពណ៌​ជា​ក្រហម​នៅ​រដូវ​ប្រាំង​ដោយ​ប្រឡាក់​ធូលី​ដី​ហុយ​ចេញ​ពី​ផ្លូវ​ដែល​មាន​ឡាន​ដឹក​ថ្ម​បើក​ឆ្លង​កាត់​យ៉ាង​មមាញឹក។ រយៈពេល ៤​ឆ្នាំ ហើយ​ដែល​អ្នក​ភូមិ​បាន​ផ្លូវ​ក្រួស​ក្រហម​ជំនួស​ផ្លូវ​បុរាណ​ងាយ​ធ្វើ​ដំណើរ​ជាង​មុន ប៉ុន្តែ​ពួក​គេ​បែរ​ជា​រស់​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ និង​កើត​ជំងឺ​ទៅ​វិញ។

មេ​ភូមិ​ភ្នំតូច សម្រេច​ប្រើ​កម្លាំង​ប្រជា​ការពារ ៤​នាក់ និង​ពលរដ្ឋ​ប្រមាណ ៤០​នាក់ ដើម្បី​កាក់​ឡាន​បែន​ដឹក​ថ្ម និង​ដឹកដី​នៅ​ចំណុច​កណ្ដាល​ភូមិ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។ ក្រុម​អ្នក​ភូមិ​មាន​បំណង​ប្រាប់​តៃកុង​ឡាន កុំ​ឲ្យ​បើកបរ​ក្នុង​ភូមិ​លឿន​ពេក ដែល​បង្ក​ឲ្យ​ធូលី​ដី​ហុយ ឬ​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ។ ម្យ៉ាង​ពួកគេ​ចង់​ជួប​អាជ្ញាធរ​ថ្នាក់​លើ ឬ​ម្ចាស់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​វាយ​ថ្ម​ភ្នំ​ចំនួន​បី​កន្លែង​ដើម្បី​ដោះស្រាយ​បញ្ហា។

ថ្លែង​ទាំង​អួល​ដើមក និង​សម្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​កំពុង​កាក់​ឡាន​នៅ​កណ្ដាល​ផ្លូវ លោក​មេ​ភូមិ មាស សឿន ថា​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​ភូមិ​ភ្នំតូច​ចំនួន ១៦៤​គ្រួសារ មាន​ពលរដ្ឋ​ចំនួន ៩០​គ្រួសារ បាន​ប៉ះពាល់​ផ្ទាល់​ពី​ធូលី​ដី​ហុយ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ដែល​ស្នើ​ផ្ទាល់​មាត់ និង​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ភ្ជាប់​ស្នាម​មេដៃ​ពលរដ្ឋ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត និង​តំណាងរាស្ត្រ ប៉ុន្ដែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ៖ «ការ​បាញ់​ទឹក​បាញ់​អី​ហ្នឹង គឺ​អត់​ធ្វើ​ទៅ​តាម​កិច្ចសន្យា។ ជួនកាល​គាត់​បាញ់​មួយ​ថ្ងៃ​ពីរ ឬ​បី​ដង ជួន​កាល​អត់​ជោក​ទៀត​ផង គ្រាន់​ច្រូចៗ ឡាន​បើក​តែ​ម្ដង ឬ​ពីរ​ដង​ហុយ​ដដែល។ ដល់​អ៊ីចឹង​ហើយ​គាត់​ដែល​រស់​នៅ​តាម​អម​សងខាង​ផ្លូវ​មាន​ការ​លំបាក ហើយ​ខ្ញុំ​ក៏​បារម្ភ​ចំពោះ​សុខភាព​របស់​គាត់។ ខ្ញុំ​និយាយ​ទៅ​ចង់​ជាមួយ​ប្រជាជន​ដែល​គាត់​ត្អូញត្អែរ​នៅ​ក្នុង​ភូមិ​ភ្នំ​តូច​នេះ ហើយ​ខ្ញុំ​មិន​ដឹង​ដោះស្រាយ​យ៉ាង​ម៉េច»។

លោក មាស សឿន បញ្ជាក់​ថា អ្នក​ភូមិ​មិន​ចង់​បិទ​អាជីវកម្ម​កិន​ថ្ម​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ក្រុមហ៊ុន គិតគូរ​ពី​ផល​ប៉ះពាល់​ពលរដ្ឋ។ នៅ​គ្រា​ដែល​អាជ្ញាធរ ឬ​ក្រុមហ៊ុន​មិន​ទាន់​មាន​លទ្ធភាព​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ ឬ​ចាក់​បេតុង គួរ​តែ​ចាក់​ទឹក​បណ្ដោះអាសន្ន​នៅ​តាម​ផ្លូវ​ឲ្យ​បាន​ជោក និង​ទៀង​ទាត់​ដើម្បី​កាត់​បន្ថយ​ធូលី​ដី​ហុយ ព្រោះ​ធូលី​ដី និង​កម្ទេច​ថ្ម​ដែល​ធ្លាក់​ពី​ឡាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ភូមិ។

ចំណែក​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​កំពុង​ឈរ​ឃាត់​ឡាន​នៅ​កណ្ដាល​ផ្លូវ នៃ​ភូមិ​ភ្នំ​តូច លោកស្រី លុច សុភា មាន​ប្រសាសន៍​ថា ក្មេងៗ និង​ចាស់ៗ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​​ចាប់​ផ្ដើម​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​លោកស្រី​សង្ស័យ​ថា បណ្ដាល​មក​ពី​ធូលី​ដី និង​ថ្ម​ហុយ​ចូល​ច្រមុះ ឬ​មាត់​អ្នក​ភូមិ​បណ្ដា​ល​ឲ្យ​កើត​ជំងឺ​នេះ។ ចាប់​ពី​ការដ្ឋាន​កិន​ថ្ម​ដំណើរ​ការ​បាន​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អ្នក​ភូមិ៖ «ចំពោះ​សុខភាព​គ្រុន​ឈឺ ទៅ​ពេទ្យ​វា​លួស​ថ្ងៃ​តិច​ណាស់! ពិនិត្យ​នៅ​ពេទ្យ​ខ្លះ​ផ្ដាសាយ ខ្លះ​របេង​អ៊ីចឹង ក្អក​គ្មាន​ពេល​ទំនេរ​ទេ ព្រោះ​អី​នៅ​ក្នុង​ភូមិ​ភ្នំ​តូច​នេះ​ដូច​ថា វា​គាបសង្កត់​ជាង​គេ​ហើយ​រឿង​ផ្លូវ​ហ្នឹង​ហ្មង»។

អាស៊ីសេរី បាន​ព្យាយាម​ជួប​សម្ភាសន៍​តំណាង​ក្រុមហ៊ុន​កិន​ថ្ម​មួយ​នៅ​លើ​ភ្នំ​អន្សោមត្មាត ក្នុង​ចំណោម​ក្រុមហ៊ុន​បី​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​លើ​ភ្នំ​ក្បែរ​គ្នា​នោះ ជុំវិញ​វិធានការ​ចាក់​ទឹក​តាម​ផ្លូវ​ដើម្បី​កាត់​បន្ថយ​ការ​ហុយ ប៉ុន្តែ​ត្រូវ​បុគ្គលិក​ប្រចាំ​ការ​បដិសេធ​ផ្ដល់​ការ​អត្ថាធិប្បាយ ដោយ​ប្រាប់​ឲ្យ​ចាំ​ជួប​មេការ​ធំ​ឈ្មោះ ឈុន អៀង។ ប៉ុន្ដែ​លោក ឃុន អៀង មិន​បាន​ទទួល​ទូរស័ព្ទ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា។

ចំណែក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក រស់ ថា​លោក​នឹង​ចុះ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំង​អស់​ចាក់​ទឹក​តាម​ផ្លូវ​ក្នុង​ភូមិ​ដើម្បី​កុំ​ឲ្យ​ហុយ​នៅ​ក្នុង​ដំណាក់​កាល​រង់ចាំ​គម្រោង​ធ្វើ​ផ្លូវ​ចាក់​បេតុង។

មន្ត្រី​ជំនាញ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​លុយ​ចូល​រដ្ឋ​ក្នុង​ថ្ម ១​ម៉ែត្រគូប​ចំនួន ៧​កាក់​កន្លះ ឬ​ស្មើ​ជាង​បី​ពាន់​រៀល ចំណែក​មួយ​កាក់​កន្លះ​ទៀត​ត្រូវ​បង់​សម្រាប់​ជួសជុល​ផ្លូវ ឬ​អភិវឌ្ឍន៍​មូលដ្ឋាន៖ «ឧបមា​ថា មូលដ្ឋាន​ហ្នឹង​ត្រូវ​ធ្វើ​ផ្លូវ​ត្រូវ​មាន​សំណើ​មក ហើយ​គេ​បូក​មើល តើ​លុយ​ហ្នឹង​ធ្វើ​បាន ហើយ​ស្នើ​ទៅ​ឯកឧត្ដម​រដ្ឋមន្ដ្រី សម្រេច​ហើយ​ចាប់​ផ្ដើម​ស្ថាបនា​តែម្ដង។ ឃើញ​ឃុំ​លើក​សំណើ​មក​ដែរ យើង​កំពុង​ពិនិត្យ តែ​ប្រហែល​លុយ​អត់​ទាន់​គ្រប់ អ៊ីចឹង​ឲ្យ​គាត់​ស្រោច​ទឹក​បណ្ដោះអាសន្ន​សិន»។

លោក អ៊ុក រស់ បន្ថែម​ថា​ ថវិកា​ដែល​ក្រុមហ៊ុន​បង់​សម្រាប់​ទុក​អភិវឌ្ឍន៍​មូលដ្ឋាន ឬ​ធ្វើ​ផ្លូវ​នោះ គឺ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​តម្កល់​ទុក​នៅ​ធនាគារ​ជាតិ។ លោក​បង្ហើប​ថា ថវិកា​នេះ​មិន​ទាន់​គ្រប់​ចំនួន​ដែល​អាច​ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​លោក​ជឿ​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ពលរដ្ឋ​ត្អូញត្អែរ​ថា ហុយ​ខ្លាំង​នេះ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៧។

ការដ្ឋាន​កិន​ថ្ម​ភ្នំ​ដំរី​រមៀល របស់​នាយកដ្ឋាន​អភិវឌ្ឍន៍ នៃ​ក្រសួង​ការពារ​ជាតិ ការដ្ឋាន​កិន​ថ្ម​លើ​ភ្នំ​អន្សោមត្មាត របស់​ក្រុមហ៊ុន ភី.អេស.ហ្វាយ (PS5) របស់​ចិន និង​ក្រុមហ៊ុន​កិន​ថ្ម​ភ្នំ​ថ្លុក​ត្របែក ឋិត​នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ កំពុង​ធ្វើ​អាជីវកម្ម។ រាល់​ថ្ងៃ​មាន​ឡាន​បែន​តូច​ធំ​ចេញ​ចូល​ទិញ​ថ្ម​ចន្លោះ​ពី ៦០ ទៅ ១០០​ឡាន​ក្នុង​១​ថ្ងៃ កាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មុខ​ផ្ទះ​អ្នក​ភូមិ​ភ្នំតូច នៃ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ៕

No comments: