April 21, 2017

ពលរដ្ឋ​ភូមិ​១​តំបន់​បឹងកក់​ចោទ​អភិបាល​ក្រុង​ថា​មិន​គោរព​ការ​សម្រេច​របស់​ប្រធាន​រដ្ឋសភា

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Rach Vingur

ដោយ រាជ វិញ្ញូ RFA 2017-04-20

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ បញ្ជាក់​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មិន​បាន​គោរព​តាម​សេចក្ដី​សម្រេច​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដើម្បី​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ដោយ​យុត្តិធម៌​ឡើយ។ ការ​លើក​ឡើង​នេះ ខណៈ​ពួក​គាត់​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ក្រោយ​ពី​ក្រសួង​ដែនដី​ឈប់​ទទួល​ញត្តិ​ពួក​គាត់។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ដែល​សេសសល់​ចំនួន ៧​គ្រួសារ​មក​ពី​ភូមិ​១ ស្ថិត​ក្នុង​តំបន់​បឹងកក់ និង​ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មក​ពី​តំបន់​ផ្សេង​ទៀត​ប្រហែល ៣០​នាក់ នៅ​ថ្ងៃ​ទី​២០ មេសា បាន​នាំ​គ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ម្ដង​ទៀត ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គួរ​សិក្សា​អំពី​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ពួក​គាត់​ចោទ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ហាក់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​លោក ហេង សំរិន បង្គាប់​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ដោយ​តម្លាភាព​ឡើយ។

តំណាង​ពលរដ្ឋ​ក្នុង​ភូមិ​១ លោកស្រី ហុង សុខឃេង ថ្លែង​ថា លោក ប៉ា សុជាតិវង្ស ហាក់​មាន​តួនាទី​ធំ​ជាង​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទៅ​ទៀត ព្រោះ​កន្លង​មក លិខិត​ដែល​លោក ហេង សំរិន ផ្ញើ​ទៅ​ដើម្បី​ឲ្យ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​អ្នក​ភូមិ​១ ក្នុង​តំបន់​បឹងកក់​ដោយ​តម្លាភាព តែ​បែរ​ជា​លោក ប៉ា សុជាតិវង្ស មិន​បាន​ផ្ដល់​តម្លៃ​ដល់​លិខិត​នោះ​ឡើយ៖ «លិខិត​មួយ​របស់​លោក ហេង សំរិន ឲ្យ​លោក ប៉ា សុជាតិវង្ស ដោះស្រាយ​ឲ្យ​ខ្ញុំ ៥៣% គាត់​អត់​ធ្វើ​តាម។ ឯកឧត្តម ជា សុផារ៉ា ចេញ​លិខិត​ចំនួន​ពីរ គាត់​ក៏​អត់​ធ្វើ​តាម។ អ៊ីចឹង​ខ្ញុំ​ដើរ​ដាក់​ញត្តិ​នេះ​ដើម្បី​មន្ត្រី​ថ្នាក់​លើ​មើល​ឡើង​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម»។
ពលរដ្ឋ​ទាំង ៧​គ្រួសារ​ដែល​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា គឺ​ទាមទារ​ដី​ទំហំ​តែ ៥​ពាន់​ម៉ែត្រ​ការ៉េ​មក​វិញ ដែល​ស្មើ​នឹង ៥៣% នៃ​ផ្ទៃដី​ពួក​គាត់​សរុប​ប្រហែល ១​ម៉ឺន​ម៉ែត្រ​ការ៉េ ដែល​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) បាន​បូម​ខ្សាច់​ពន្លិច​ដី និង​ផ្ទះ​សម្បែង​ពួក​គាត់​ដោយ​គ្មាន​សំណង​កាល​ពី​ឆ្នាំ​២០១០។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មេត មាសភក្ដី បកស្រាយ​ថា ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​បឹងកក់​ទាំងអស់​មាន​ជិត ៤​ពាន់​គ្រួសារ ប៉ុន្តែ​ខាង​អាជ្ញាធរ​បាន​ដោះស្រាយ​ជិត​អស់​ហើយ និង​នៅ​សល់​មិន​ដល់ ២០​គ្រួសារ​ទៀត​ទេ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ក្នុង​ភូមិ​១ ដែរ។ លោក​បន្ត​ថា ថ្វីត្បិតតែ​ខាង​សាលា​រាជធានី​ភ្នំពេញ សម្រួល​ផ្ដល់​ជូន​ពលរដ្ឋ​ទាំង ៧​គ្រួសារ​នេះ ដោយ​ខ្លះ​ទទួល ២​ឡូត៍ រហូត​ទៅ​ដល់ ៤​ឡូត៍ ដែល​ជា​ទំហំ​ផ្ទៃដី​ធំ​ជាង​អ្នក​ដែល​ព្រម​ទទួល​សំណង​ផ្ទៃដី​ត្រឹម​តែ ១​ឡូត៍​កាល​ពី​ពេល​កន្លង​មក ក៏​ពួក​គាត់​នៅ​តែ​មិន​ព្រម​ទទួល​យក​ទៀត។ ជាង​នេះ​ទៅ​ទៀត លោក មេត មាសភក្ដី បញ្ជាក់​ថា ការ​កាន់​កាប់​ផ្ទៃដី​របស់​ពលរដ្ឋ​ទាំង ៧​គ្រួសារ​ក្នុង​តំបន់​បឹងកក់​នេះ ក៏​មិន​ទាន់​ស្រប​តាម​ច្បាប់​ដែរ៖ «ដី​របស់​គាត់​ហ្នឹង ពុំ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ ការ​ដែល​គាត់​ទិញ​បន្ត ឬ​បាន​ដោយ​របៀប​ណា​កន្លង​មក អា​នេះ​ជា​ការ​កាន់​កាប់​របស់​ពួក​គាត់»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ក្នុង​ភូមិ​១ ម្នាក់​ទៀត គឺ​លោកស្រី លី ចាន់ណារី ថ្លែង​ថា ដំបូង​ឡើយ ពលរដ្ឋ​ក្នុង​ភូមិ​១ ដែល​មាន​បញ្ហា​ដីធ្លី​មាន​ចំនួន ១៣​គ្រួសារ ប៉ុន្តែ​មាន ៦​គ្រួសារ​ទទួល​បាន​ដី​ពី​សាលា​ក្រុង ៥៣% រីឯ​ក្រុម​លោកស្រី​ទាំង ៧​គ្រួសារ​ដែល​សេសសល់​នេះ ទទួល​បាន​មិន​ដល់ ១០% ឡើយ៖ «ដី​ខ្ញុំ​មាន ៣.២៥០​ម៉ែត្រ​ការ៉េ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​បាន​តែ ២៨៨​ម៉ែត្រ​ការ៉េ»។

បន្ទាប់​ពី​ដាក់​ញត្តិ​បាន​សម្រេច​នៅ​រដ្ឋសភា ក្រុម​ពលរដ្ឋ​ប្រហែល ៣០​នាក់ បាន​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បន្ត​ទៅ​ដាក់​នៅ​ក្រសួង​ដែនដី ប៉ុន្តែ​ក្រសួង​ដែនដី មិន​បាន​បើក​ទ្វារ​របង ដើម្បី​ទទួល​ញត្តិ​របស់​ពួក​គាត់​ទេ។ ការ​មិន​បើក​ទ្វារ​ទទួល​ញត្តិ​នេះ ត្រូវ​បាន​ពលរដ្ឋ​ស្រែក​ឌឺដង និង​បាន​សែន​ចេក ព្រម​ទាំង​ដុត​អាវ និង​ក្រមា​នៅ​ក្បែរ​របង​ក្រសួង​ដែនដី ដើម្បី​ដាក់​បណ្ដាសា​ឲ្យ​រលាយ​ចំពោះ​ស្ថាប័ន​ណា​ដែល​ធ្វើ​បាប​ពួក​គាត់។ ក្រុម​ពលរដ្ឋ​ទាំងនេះ ក៏​ព្រមាន​ថា ក្នុង​មួយ​សប្ដាហ៍​ម្ដង នឹង​លើក​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី​បន្ត​ទៀត៕

No comments: