![]() |
ក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក សុន ឆ័យ ក្នុងពេលទៅសួរសុខទុក្ខសមាជិករបស់ខ្លួនដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នាពេលកន្លងមក។@Facebook |
ដោយ វណ្ណ សុគន្ធា20/04/2017 rfi
នៅព្រឹកនេះ គណបក្សសង្រ្គោះជាតិបានស្នើសុំឲ្យក្រសួងមហាផ្ទៃយោគយល់ចំពោះរឿងដែលឈប់ឲ្យតំណាងរាស្រ្តបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួននៅក្នុងពន្ធនាគារព្រៃសតទៅទៀត។ ការសុំយោគយល់នេះ ធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃប្រកាសលែងអនុញ្ញាតដោយចោទថា តំណាងរាស្រ្តបក្សប្រឆាំងមិនស្មោះត្រង់ជាមួយនឹងសមត្ថកិច្ចប្រចាំនៅពន្ធនាគារព្រៃស។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា មានមូលហេតុធំៗចំនួនពីរដែលធ្វើឲ្យក្រសួងមហាផ្ទៃសម្រេចលែងអនុញាតឲ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួនដូចសព្វមួយដងទៀត។ មូលហេតុទី ១ គឺដោយសារតែកាលពីថ្ងៃពុធ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានបន្លំនាំអ្នកកាសែតវិទ្យុអាស៊ីសេរីចូលសុខទុក្ខជាមួយខ្លួន។ ទី២ គឺដោយសារតែការចូលសួរសុខទុក្ខរបស់តំណាងរាស្រ្តបក្សប្រឆាំងកន្លងមក មិនមែនជាការសួរសុខទុក្ខធម្មតា តែជាការសួរសុខទុក្ខបែបនយោបាយ ព្រោះថាបន្ទាប់ពីសួរសុខទុក្ខ ក្រុមតំណាងរាស្រ្តតែងតែពាំនាំនូវសារនយោបាយរបស់អ្នកជាប់ឃុំប្រាប់ដល់ប្រជាពលរដ្ឋ។ លោកខៀវ សុភ័គ បានចាត់ទុកទង្វើទាំងនេះថា គឺជាការមិនស្មោះត្រង់ និងមើលស្រាលពន្ធនាគារ។ ដូច្នេះចាប់ពីពេលនេះតទៅ មានតែមេធាវី និងក្រុមគ្រួសារអ្នកជាប់ឃុំប៉ុណ្ណោះដែលអាចអនុញ្ញាតឲ្យចូលសុខទុក្ខពួកគេបាន។
ប្រឈមនឹងបញ្ហានេះ លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានសុំឲ្យក្រសួងមហាផ្ទៃយោគយល់ និងបន្តឲ្យតំណាងរាស្រ្ត និងសមាជិកគណបក្សសង្រ្គោះជាតិបានចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួននៅក្នុងពន្ធនាគារដូចសព្វមួយដង។ លោកស្រីបានគូសបញ្ជាក់ថា រឿងរ៉ាវដែលបានកើតឡើងកាលពីថ្ងៃពុធ គឺជារឿងអចេតនាបំផុត។ លោកស្រីគូសបញ្ជាក់បន្ថែមថា រឿងរ៉ាវដែលបានកើតឡើងនោះ គឺមិនមែនជាការប៉ុនប៉ង ឬជាការរៀបចំឡើងដោយគណបក្សសង្រ្គោះជាតិឡើយ។ ដូច្នេះហើយលោកស្រីសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងមានការយោគយល់ និងមានដំណោះស្រាយចំពោះរឿងនេះ។
លោកខៀវ សុភ័គ បានលើកឡើងថា លោកទទួលយកសំណើរបស់គណបក្សសង្រ្គោះជាតិនេះ ប៉ុន្តែដោយសារតែលោកមិនមែនជាអ្នកសម្រេចលើបញ្ហានេះ ដូច្នេះលោកមិនអាចបញ្ជាក់បានភា្លមៗទេ ថាតើក្រសួងនឹងយោគយល់ឫក៏យ៉ាងណានោះ។ យ៉ាងណាក៏ដោយ បើតាមលោកខៀវ សុភ័គ នៅពេលនេះ ក្រសួងមហាផ្ទៃកំពុងរង់ចាំរបាយការណ៍ផ្លូវការពីពន្ធនាគារទាក់ទងនឹងរឿងអ្នកកាសែតវិទ្យុអាស៊ីសេរីដែលលោកចោទថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានបន្លំនាំចូលក្នុងពន្ធនាគារ ដើម្បីយកមកពិនិត្យ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment