March 20, 2017

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​ប្រឹងប្រែង​ជំរុញ​កិច្ច​ចរចា​ជួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ចូល WTO

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​អគ្គនាយក​រង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោក ដាវីឌ សាកគ៍ (David Shark) (កណ្ដាល) និង​អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក វ៉ាង ស៊ូវិន (Wang Shouwen) (ស្ដាំ) នា​ខេត្ត​សៀមរាប ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

ដោយ ហង្ស សាវយុត RFA 2017-03-20

ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នៅ​ឯ​ខេត្ត​សៀមរាប រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា។ កិច្ច​ប្រជុំ​ក្រោម​ប្រធានបទ​ស្ដីពី ការ​អនុវត្ត​ល្អ​បំផុត​នេះ គឺ​ជា​ការ​ចែក​រំលែក​បទពិសោធន៍​សម្រាប់​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច យក​ទៅ​រៀបចំ​ខ្លួន​ឲ្យ​ប្រសើរ សម្រាប់​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​នៅ​ពេល​អនាគត។

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ថា កម្ពុជា ស្ម័គ្រ​ចិត្ត​ទទួល​យក​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច ហើយ​ប្រឹងប្រែង​ជំរុញ​កិច្ច​ចរចា​នានា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ពេល​អនាគត។

នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មីនា ថា ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​នឹង​ធ្វើ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​មាន​ឱកាស​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​ខ្ពស់ តាម​រយៈ​ការ​នាំ​ផលិតផល​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយ​មាន​ការ​អនុគ្រោះ​ពន្ធ​គយ និង​មិន​ជាប់​កូតា ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៀត​ថា បើ​ទោះ​បី​ជា​បច្ចុប្បន្ន កម្ពុជា កំពុង​មមាញឹក​លើ​ការ​អនុវត្ត​កម្មវិធី និង​ការ​កែ​ទម្រង់​អភិវឌ្ឍ​ជាតិ ព្រម​ទាំង​ការ​ចរចា​ថ្នាក់​តំបន់​ជាច្រើន​ក៏ដោយ ក៏​កម្ពុជា ស្ម័គ្រ​ចិត្ត​ទទួល​យក​តួនាទី​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច។ ក្នុង​ឋានៈ​នេះ កម្ពុជា នឹង​ប្រឹងប្រែង​សម្រួល​ជាមួយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ក្រីក្រ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​នេះ​រួច​ហើយ គប្បី​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​កំពុង​សុំ​ចូល​ជា​សមាជិក​ដែរ​នោះ៖ «ទាំងអស់​គ្នា ពិភពលោក​ត្រូវ​តែ​ដើរ​ទៅ​ជាមួយ​គ្នា មិន​អាច​មាន​ពិភពលោក​បែងចែក​ដោយ​ទុក​ឲ្យ​អ្នក​ក្រ​នៅ​តែ​ក្រ ហើយ​ទទួល​ផល​វិបាក​នោះ​ទេ»។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បញ្ជាក់​ថា ការ​ជ្រើសរើស​ប្រទេស​ណា​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​ត្រូវ​បញ្ជាក់ និង​មាន​ការ​ឆ្លើយតប​ជាក់លាក់​លើ​ចំណុច​ជាច្រើន ដែល​ប្រទេស​នោះ​ត្រូវ​បំពេញ។

អគ្គនាយក​រង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោក ដាវីឌ សាកគ៍ (David Shark) ថ្លែង​ថា តាម​រយៈ​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នេះ លោក​រំពឹង​ថា គឺ​ជា​ការ​ចែក​រំលែក​បទពិសោធន៍ ព្រម​ទាំង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន អាច​រៀបចំ​ខ្លួន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន៖ «ខ្ញុំ​ចង់​ឃើញ​ការ​ជួប​សន្ទនា​គ្នា​រវាង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជាច្រើន​មក​ពី​តំបន់​ផ្សេងៗ​ពេល​នេះ បាន​ក្លាយ​ទៅ​ជា​វិថី​សម្រាប់​ឲ្យ​អ្នក​ទាំងនោះ​អាច​ដើរ​ទៅ​រក​ភាព​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​នៅ​ពេល​ខាង​មុខ»។

អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង ស៊ូវិន (Wang Shouwen) ដែល​កំពុង​សកម្ម​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ នោះ ថ្លែង​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ជំរុញ​កំណើន​ពាណិជ្ជកម្ម ព្រម​ទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន។

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ថ្លែង​បើក​កិច្ច​ប្រជុំ​តុ​មូល​ចិន លើក​ទី​៥ មក តំណាង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​សម្រាប់​គាំទ្រ​របស់​ចិន ចំពោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​សុំ​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង៕

No comments: