March 20, 2017

ពលរដ្ឋ​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រឿង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣

សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) នៅ​តាម​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។  RFA/Den Ayuthyea

ដោយ ដែន អយុធ្យា RFA 2017-03-20

ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​កង្វល់​ពួក​គេ ដោយ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​កោងកាង ឬ​ធនធាន​ធម្មជាតិ​បាត​សមុទ្រ ពិសេស​បាន​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ត្រី​សមុទ្រ​របស់​ពលរដ្ឋ។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល បាន​អះអាង​ថា បើ​ងាប់​ត្រី​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ដោយសារ​សកម្មភាព​បូម​ខ្សាច់ ក្រុមហ៊ុន​នេះ​នឹង​ចេញ​សំណង​ការ​ខូចខាត​ទាំងស្រុង​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ដែល​ភាគច្រើន​មាន​របរ​ជា​អ្នក​នេសាទ និង​ចិញ្ចឹម​ត្រី​សមុទ្រ បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា ប្រតិកម្ម​ចំពោះ​វត្តមាន​របស់​សាឡង់​បូម​ខ្សាច់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) ដែល​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ថា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របរ​ចិញ្ចឹម​ត្រី​សមុទ្រ ឬ​ត្រី​ឆ្ពង់ ជាដើម អាច​បណ្ដាល​ឲ្យ​ត្រី​ងាប់​ដោយសារ​ការ​បូម​ខ្សាច់​នៅ​តាម​ព្រែក​នេះ។

មាន​របរ​ជា​អ្នក​នេសាទ​សមុទ្រ និង​ជា​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពង់​នៅ​តាម​ព្រែក​៣ ឃុំ​ទំនប់រលក លោក ស៊ុន សុផៃ ផ្តល់​សម្ភាស​ថា កន្លង​ទៅ​ពេល​សាឡង់​បូម​ខ្សាច់ គឺ​ស្ថានភាព​ទឹក​សមុទ្រ​បាន​ប្រែ​ជា​ល្អក់​ខួរអណ្ដែង និង​មាន​ល្បាប់​ភក់​ផុស​ចេញ​ពី​បាត​សមុទ្រ ដែល​អាច​ឲ្យ​ត្រី​ចិញ្ចឹម​គ្រប់​ប្រភេទ​ងាប់។

ផ្ដើម​ពី​កង្វល់​នេះ ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​ឆ្ពង់ ស្រុក​ស្ទឹងហាវ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដាក់​បទបញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ឲ្យ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ៖ «គោល​បំណង​របស់​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​នៅ​ចំណុច​ព្រែក​៣ ទាំងអស់ គឺ​សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ដែនដី ផ្អាក​សកម្មភាព​បូម​ខ្សាច់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ឲ្យ​ទៅ​បូម​នៅ​កន្លែង​ផ្សេង​វិញ ព្រោះ​ទីកន្លែង​រាល់​ថ្ងៃ​នេះ គឺ​ជា​ឆ្នាំងបាយ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​ខ្ញុំ ហើយ​បើ​កាលណា​ក្រុមហ៊ុន​មក​បូម​ខ្សាច់​នៅ​ទីតាំង​នេះ តើ​ឲ្យ​ពួក​ខ្ញុំ​ចិញ្ចឹម​ជីវិត​រស់​ម្ដេច​បាន ព្រោះ​ថា​ការ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​របរ​នេសាទ​តែ​មួយ​មុខ គឺ​មិន​អាច​ចិញ្ចឹម​ជីវិត​បាន​រស់​ទេ ទាល់​តែ​មាន​របរ​ចិញ្ចឹម​ត្រី​រួមផ្សំ​បន្ថែម​ទៀត ទើប​អាច​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន។ ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​មក​បូម​ខ្សាច់​នៅ​តំបន់​នេះ ហើយ​ត្រី​ចិញ្ចឹម​របស់​ពួក​ខ្ញុំ​ងាប់ តើ​ពួក​ខ្ញុំ​រស់​ដោយ​វិធី​ណា?»។

ប្រជា​នេសាទ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បន្ថែម​ថា បើ​គ្មាន​ដំណោះស្រាយ​ប្ដូរ​ទីតាំង​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ចេញ​ពី​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ទេ នៅ​ថ្ងៃ​ខាង​មុខ ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទៅ​ដល់​មុខ​សាលា​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​នេះ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ដល់​ពួក​គេ​ថែម​ទៀត។

ស្ត្រី​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពង់​ម្នាក់​ទៀត​ឈ្មោះ សន វាសនា សំណូមពរ​ដល់​ប្រមុខ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​បូម​ខ្សាច់ អេ.អេស.ខេ.អ៊ិល ត្រូវ​ប្ដូរ​សកម្មភាព​បូម​ខ្សាច់​សមុទ្រ​ឲ្យ​បាន​ឆាប់ ចេញ​ពី​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ត្រូវ​ប្ដូរ​ទៅ​បូម​នៅ​ទីតាំង​ផ្សេង​ដែល​មិន​មាន​ពលរដ្ឋ​ធ្វើ​របរ​ចិញ្ចឹម​ជីវិត​ជំនួស​វិញ។ ស្ត្រី​រូប​នេះ​បាន​អះអាង​ថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល មិន​ត្រឹម​នាំ​ឲ្យ​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ត្រី​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​មាន​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ចិញ្ចឹម​ឆ្នាំង​ប្រចាំ​ថ្ងៃ ដោយ​ប្រើ​ឧបករណ៍​ដាក់​លប​ក្តាម​រាវ​ងាវ និង​ដាក់​មង​ត្រី​ជាដើម ត្រូវ​បាត់បង់​មុខ​របរ​ដែរ បើ​ប្រមុខ​ដឹកនាំ​មិន​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​សាឡង់​បូម​ខ្សាច់​នេះ​ឲ្យ​បាន​ឆាប់​ទេ៖ «សូម​សំណូមពរ​ដល់​សម្ដេច​តេជោ និង​ជំទាវ ប៊ុន រ៉ានី ជួយ​កូន​ចៅ​នៅ​សហគមន៍​ចិញ្ចឹម​ត្រី​ឃុំ​ទំនប់រលក ផង ព្រោះ​រាល់​ថ្ងៃ​នេះ​មាន​សាឡង់​បូម​ខ្សាច់​មក​បូម​ខ្សាច់​តំបន់​នេះ បាន​ប៉ះពាល់​ដល់​ត្រី​ចិញ្ចឹម​របស់​ពួក​ខ្ញុំ ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ទាន់​ជួយ​រក​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ​នៅ​ឡើយ​ទេ។ ការ​បូម​ខ្សាច់​នៅ​តំបន់​ព្រែក​៣ នេះ គឺ​បាន​ប៉ះពាល់​ដល់​ត្រី​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ប៉ះពាល់​ដល់​បរិស្ថាន​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ មាន​ព្រៃ​កោងកាង និង​ជីវចម្រុះ​នៅ​ក្នុង​បាត​សមុទ្រ​ច្រើន​ប្រភេទ​ទៀត មាន​ខ្យង ក្តាម និង​ងាវ​ជាដើម គឺ​បាន​ប៉ះពាល់​ទាំងអស់»។

នៅ​តាម​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បំភ្លឺ​ថា ការ​បូម​ខ្សាច់​សមុទ្រ​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល (ASKL) នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ គឺ​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ និង​ថាមពល បាន​សិក្សា​ត្រឹមត្រូវ មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​នេះ​បូម​ខ្សាច់​នៅ​មូលដ្ឋាន​នេះ។ លោក​អះអាង​ថា ការ​បូម​ខ្សាច់​សមុទ្រ​នៅ​តាម​ព្រែក​ក្នុង​ឃុំ​ទំនប់រលក នេះ ដើម្បី​យក​ខ្សាច់​មក​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ ដោយ​លោក​ប៉ាន់​ប្រមាណ​ថា ទំនង​ជា​ទំហំ​នៃ​ផល​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ជីវិត​ប្រជាពលរដ្ឋ​សហគមន៍​នេះ មាន​ការ​ចិញ្ចឹម​ត្រី ឬ​ជីវចម្រុះ​ក្នុង​បាត​សមុទ្រ​ជាដើម គឺ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​ពលរដ្ឋ​មូលដ្ឋាន​លើក​ឡើង​ទេ។

លោក យន្ត មីន សង្កត់​ធ្ងន់​ថា ការងារ​បូម​ខ្សាច់​នេះ មុន​នឹង​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​អនុញ្ញាត​ច្បាប់ ឬ​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ប្រាកដ​ជា​មាន​ការ​សិក្សា​ត្រឹមត្រូវ​ជា​មុន។

ទោះ​ជា​បែប​នេះ​ក្តី អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន សន្យា​ថា បើ​ការ​បូម​ខ្សាច់​នៅ​តាម​ព្រែក​ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ យក​មក​អភិវឌ្ឍ​ពង្រីក​កំពង់ផែ​ខេត្ត​នេះ​ឲ្យ​បាន​ទូលំទូលាយ ហើយ​ពិត​ជា​រក​ឃើញ​ថា បាន​នាំ​ឲ្យ​ងាប់​ត្រី​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ ដូច​ការ​ព្រួយ​បារម្ភ​មែន​នោះ សូម​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ចំនួន​ត្រី​ដែល​ងាប់​នោះ ផ្តល់​ព័ត៌មាន ឬ​រាយការណ៍​មក​កាន់​ក្រុមហ៊ុន​បូម​ខ្សាច់ និង​ស្ថាប័ន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ដល់​ចេញ​ថ្លៃ​ខូចខាត​តាម​តម្លៃ​ទីផ្សារ​លក់​ត្រី​ជាក់ស្តែង៖ «យើង​គួរ​តែ​សាមគ្គី​គ្នា​ដើម្បី​អភិវឌ្ឍ​ខេត្ត​របស់​យើង​ឲ្យ​រីក​ចម្រើន​ទាំងអស់​គ្នា។ បើ​ងាប់​ត្រី​ចិញ្ចឹម​ត្រី​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ខាង​ក្រុមហ៊ុន​គេ​សង​ថ្លៃ​ខូចខាត​ទាំងអស់​ជូន​ពលរដ្ឋ។ ប៉ុន្តែ​មិន​ដឹង​ជា​មាន​នរណា​ចេះ​តែ​ទៅ​ចាក់​រុក​ឆ្កឹះ​ឆ្កៀល​រក​រឿង​រក​ហេតុ​រក​ផល​ជាមួយ​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី​ទាំងនោះ​មិន​ចេះ​ចប់។ រឿង​នេះ​កន្លង​មក​ខ្ញុំ​ក៏​មិន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ឲ្យ​មន្ត្រី​របស់​ខ្ញុំ​ចុះ​ទៅ​ពិនិត្យ​ការងារ​នេះ ហើយ​ពួក​គេ​បាន​រាយការណ៍​មក​ខ្ញុំ​ដូច្នេះ។ រឿង​នេះ​ខ្ញុំ​គាំទ្រ​ក្រសួង​រ៉ែ និង​ថាមពល បើ​សិន​ជា​មន្ត្រី​គេ​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គេ​មិន​ផ្តល់​ច្បាប់​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​បូម​ខ្សាច់​នេះ​ទេ»។

បន្ថែម​លើ​នេះ តំណាង​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល លោក សុវណ្ណារិទ្ធិ បាន​ចេញ​មុខ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មាន​របរ​ធ្វើ​នេសាទ​សមុទ្រ និង​ចិញ្ចឹម​ត្រី​នៅ​ចំណុច​ព្រែក​៣ ឃុំ​ទំនប់រលក កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា។ លោក​បាន​បញ្ជាក់​ទៅ​ប្រជាពលរដ្ឋ​ថា សកម្មភាព​ដាក់​សាឡង់​បូម​ខ្សាច់​នៅ​មូលដ្ឋាន​នេះ គឺ​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ទទួល​បាន​ច្បាប់​អនុញ្ញាត ឬ​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល។ ជាង​នេះ លោក​បាន​សន្យា​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​មាន​របរ​នេសាទ​សមុទ្រ និង​ចិញ្ចឹម​ត្រី​ឆ្ពង់​ថា បើ​មាន​ត្រី​ចិញ្ចឹម​ងាប់​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់ ក្រុមហ៊ុន​នឹង​សង​ថ្ងៃ​ខូចខាត​ទាំងស្រុង។

ទោះ​មាន​ការ​ចេញ​មុខ​ធានា​អះអាង​បែប​នេះ​ក្តី ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​របរ​ចិញ្ចឹម​ជីវិត​នៅ​តាម​ព្រែក​៣ ដែល​មាន​ស្នាម​ផ្ដិត​មេដៃ​ជិត ៥០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ ៣២​គ្រួសារ រស់នៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ពួក​គេ​ហាក់​លែង​មាន​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ ឬ​ការ​ធានា​អះអាង​របស់​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ទៀត​ទេ ព្រោះ​តាម​ការ​កត់​សម្គាល់ ការ​សន្យា​របស់​លោក​នា​ពេល​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​ទេ។

ត្រង់​ចំណុច​នេះ ស្ត្រី​ឈ្មោះ ហុង សុខា ជា​ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​ឃុំ​ទំនប់រលក បាន​រិះគន់​ថា កង្វល់​ពី​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល នា​ពេល​កន្លង​មក និង​រហូត​មក​ទល់​ពេល​នេះ សង្កេត​ឃើញ​ថា មន្ត្រី​ចាប់​ពី​អភិបាល​ស្រុក​ស្ទឹងហាវ ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​រវល់​អើពើ​ទៅ​លើ​ក្តី​បារម្ភ​នៃ​ការ​បាត់បង់​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ពួក​គេ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បាន​ងាក​ទៅ​គាំទ្រ​សកម្មភាព​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល យ៉ាង​ពេញ​ទំហឹង និង​ចាត់​ទុក​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ថា​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ខ្នង ឲ្យ​មាន​ការ​តវ៉ា ឬ​រុញ​ច្រាន​ប្រជាពលរដ្ឋ​ថា​ជា​ក្រុម​ប្រឆាំង​ទៅ​វិញ៖ «ពួក​ខ្ញុំ​ចិញ្ចឹម​ត្រី​នៅ​ក្នុង​ព្រែក​៣ នេះ នៅ​ពេល​មាន​សកម្មភាព​សាឡង់​បូម​ខ្សាច់​ទៅ បាន​ពុល​ត្រី​ចិញ្ចឹម​របស់​ពួក​ខ្ញុំ​នៅ​ក្នុង​ព្រែក​នេះ។ ការ​ចិញ្ចឹម​ត្រី​របស់​ពួក​ខ្ញុំ​ពី​មុន​មក គឺ​មិន​មាន​ជួប​គ្រោះថ្នាក់​អ្វី​ទេ ប៉ុន្តែ​ដល់​ពេល​មាន​សាឡង់​មក​បូម​ខ្សាច់​នៅ​តំបន់​នេះ​រួច​មក គឺ​បាន​ពុល​ត្រី​ពួក​ខ្ញុំ​ងាប់​ជា​បន្តបន្ទាប់។ សូម​សម្ដេច​តេជោ ហ៊ុន សែន សុំ​ជួយ​ដល់​កូន​ចៅ​ផង កូន​ចៅ​ក្រីក្រ​ណាស់ រក​ស៊ី​ចិញ្ចឹម​ត្រី​សមុទ្រ​រាល់​ថ្ងៃ​នេះ គឺ​ដើម្បី​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ»។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​សហគមន៍​ចិញ្ចឹម​ត្រី​សមុទ្រ​ចំនួន ៣២​គ្រួសារ រស់នៅ​ក្នុង​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បាន​លើក​គ្នា​តវ៉ា​ដល់​ទីតាំង​មាន​សកម្មភាព​សាឡង់​បូម​ខ្សាច់​នៅ​ចំណុច​ព្រែក​៣ ម្តង​រួច​មក​ហើយ ហើយ​ពួក​គេ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ចំពោះ​វត្តមាន​សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេ.អេស.ខេ.អ៊ិល ជា​បន្ត​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មីនា។

ប្រជាពលរដ្ឋ​អះអាង​ថា នឹង​ត្រៀម​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញត្តិ​តវ៉ា​ស្នើសុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​សាឡង់​បូម​ខ្សាច់​នេះ ដាក់​ជូន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បន្ត​ពាំនាំ​យក​កង្វល់​ពលរដ្ឋ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​ជា​បន្ត​ទៀត​នៅ​ពេល​ដ៏​ឆាប់​ថ្ងៃ​ខាង​មុខ។

អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន មាន​ប្រសាសន៍​ថា គម្រោង​អភិវឌ្ឍន៍​ពង្រីក​កំពង់ផែ​ថ្មី​នៅ​ជាប់​ទីតាំង​ចាស់​បន្ថែម​នេះ គឺ​មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ១៦​ហិកតារ នឹង​ចាប់​ផ្ដើម​ស្ថាបនា​នៅ​ចុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​រួច​រាល់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០២២៕

No comments: