March 20, 2017

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត​ឃុំសង្កាត់

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ អ៊ុង សេរីវុទ្ធ RFA 2017-03-20

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយណាមួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​​គណបក្ស​​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី​ដឹង​ថា ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ចេញ​កាល​​ថ្ងៃ​ទី​២០ កុម្ភៈ ហើយ​នៅ​ថ្ងៃ​ទី​២០ មីនា គ.ជ.ប យក​ផ្សព្វផ្សាយ​ម្ដង​ទៀត ដើម្បី​រំលឹក​ដល់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រះរាជសារ​នេះ គ.ជ.ប ធ្លាប់​ផ្សព្វផ្សាយ​ម្ដង​រួច​ហើយ ពេល​ទទួល​បាន​ពី​ព្រះមហាក្សត្រ​ភ្លាម។

ក្នុង​ព្រះរាជសារ​នោះ ព្រះមហាក្សត្រ​បាន​​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិបោះឆ្នោត​ទាំងអស់ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។ ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧​នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ​សុំ​កុំឲ្យ​មាន​ការ​ព្រួយ​បារម្ភ ពីការ​គៀបសង្កត់ គំរាម​កំហែង ឬ​សម្លុត​​ពី​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

No comments: