March 20, 2017

ស្ត្រី​នៅ​តែ​ស្ថិត​ក្នុង​លំដាប់​បាត​តារាង ​នៃ​បញ្ជី​បេក្ខជន​ដែល​បាន​ឈរ​ឈ្មោះ

លោកស្រី មូរ សុខហួរ (កណ្ដាល) ពេល​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ផា លីណា

Cristina Maza ភ្នំពេញ​ប៉ុស្តិ៍ Mon, 20 March 2017

ភ្នំពេញៈ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សាកល​វិទ្យាល័យ Victoria University of Wellington បាន​រកឃើញ​ថា​ទោះបី​ជា​មាន​ច្បាប់​ផ្ដល់​សិទ្ធិ​ដល់​ស្ត្រី​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ក្តី ក៏​បទដ្ឋាន​យេនឌ័រ​តាម​បែប​ប្រពៃណី និង​ឱកាស​សេដ្ឋកិច្ច​មិន​ស្មើ​គ្នា​ជា​ញឹកញាប់​ស្ត្រី​តែងតែ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​បាត​តារាង​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​បោះឆ្នោត។

សាស្ត្រាចារ្យ​កម្ពុជា​លោកស្រី កុយ សុគន្ធា បាន​សរសេរ​រៀបរាប់ បន្ទាប់ពី​ធ្វើ​ស្រាវជ្រាវ​ស្តីអំពី​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ថា៖ «បទដ្ឋាន​យេនឌ័រ និង​ផ្នត់​គំនិត​យេនឌ័រ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា​ហើយ​ចំណុច​ទាំង​នេះ​បាន​ដាក់​កម្រិត និង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជម្រើស​តួនាទី​របស់​ស្ត្រី​ក្នុង​ផ្នែក​សេដ្ឋកិច្ច,សង្គម និង​នយោបាយ»។ «ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​នៅ​តែ​មាន​ចំនួន​តិចតួច​ក្នុង​ឆាក​នយោបាយ​ទោះបី​ជា​រចនាសម្ព័ន្ធ​នយោបាយ និង​ច្បាប់​បាន​ស្តែង​ពី​ភាព​អព្យាក្រឹត​នៃ​យេនឌ័រ​ក្តី»។

អ្នក​នយោបាយ​តែងតែ​ដាក់​ឈ្មោះ​បេក្ខជន​នៅ​លើ​លេខ​រៀង​កំពូល​ក្នុង​បញ្ជី​បេក្ខជន​បោះឆ្នោត ប្រសិន​បើ​ពួកគេ​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​ឈ្នះ។ ដូច្នោះ​ហើយ​កង្វះ​ឱកាស​អប់រំ​ និង​សេដ្ឋកិច្ច​ជា​ញឹកញាប់​បាន​រារាំង​ស្ត្រី​មិន​ឲ្យ​កាន់កាប់​តួនាទី​កំពូល​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​បាន។

លើស​ពី​នេះ​ទៀត​បទដ្ឋាន​យេនឌ័រ​តាម​បែប​ប្រពៃណី​ និង​គំនិត​ប្រកាន់​ភាព​ជា​បុរស​តឹងរ៉ឹង​ក៏​បាន​ធ្វើ​ឲ្យ​ស្ត្រី​នៅ​ឆ្ងាយ​ពី​ឆាក​នយោបាយ​ផង​ដែរ។ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​សម្លឹង​មើល​ទៅ​អ្នក​នយោបាយ​គឺជា​អ្នក​តំណាង​ពី​លក្ខណៈ​ជា​បុរស​ដោយ​ពួកគេ​សម្លឹង​លើ​ចំណុច​មួយ​ចំនួន​ដូចជា កម្លាំង ភាព​ក្លាហាន និង​ឥទ្ធិពល​ជាដើម។

លោកស្រី កុយ សុគន្ធា បាន​កត់សម្គាល់​ឃើញ​ថា​សាស្ត្រាចារ្យ​ខ្លះ​បាន​កំណត់​លក្ខណៈ​របស់​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​ប្រជាធិបតេយ្យ​កូន​កាត់​គឺ​លាយឡំ​ជាមួយ​អភិបាលកិច្ច បែប​អំណាច​និយម​ និង​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ប្រព័ន្ធ​បែប​កូនកាត់​នេះ​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ពួកគាត់​យក​ចិត្ត​ទុកដាក់​លើ​អត្ដសញ្ញាណ​របស់​បេក្ខជន។

រឿង​ទាំង​នេះ​បង្កើត​បាន​នូវ​ស្ថានភាព​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ចំនួន​ស្ត្រី​តិចតួច​នៅ​ក្នុង​ឆាក​នយោបាយ។ នៅ​ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​មាន​បេក្ខជន​ជា​ស្ត្រី​ចំនួន ៦០៤៥ នាក់​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​ចំនួន ២៧០៨៦ នាក់​ ឬ​ស្មើ​នឹង​ ២២,៣ ភាគរយ។ បើ​យោង​តាម​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា​មាន​ស្ត្រី​ចំនួន​ប្រមាណ ១០៨ នាក់​នឹង​នៅ​លើ​កំពូល​តារាង​បញ្ជី​ឈ្មោះ​បេក្ខជន។

ចំណែក​គណបក្ស​សង្គ្រោះជាតិ​មាន​ស្ត្រី​តែ​ចំនួន ៤០៦៣ នាក់​ប៉ុណ្ណោះ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​ហើយ​ ៩០ ភាគរយ​ក្នុង​ចំណោម​ពួកគេ​គឺ​នៅ​លើ​កំពូល​តារាង​បញ្ជី​ឈ្មោះ​បេក្ខជន។

ម្យ៉ាង​វិញ​ទៀត​ទោះបី​ជា​មាន​បេក្ខជន​ជា​ស្ត្រី​រាប់ពាន់​នាក់​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​ក្តី ក៏​មិន​មាន​ការ​ធានា​ថា​អាច​មាន​ស្ត្រី​ជាប់​ឆ្នោត​បាន​ចំនួន​ច្រើន​ដែរ។ យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល​បាន​បង្ហាញ​ថា​មាន​ស្ត្រី​តែ ៩៥ ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បាន​ជាប់ឆ្នោត​ធ្វើ​ជា​មេឃុំ​ក្នុង​ការ​បោះឆ្នោត​នាពេល​កន្លង​មក។

កង្វះ​ខាត​កូតា​ជាក់លាក់​ពី​បញ្ហា​យេនឌ័រ​មាន​ន័យ​ថា គ្មាន​ចំនួន​អប្បបរមា​នៃ​ស្ត្រី​ចូលរួម​នៅ​ក្នុង​ឆាក​នយោបាយ​របស់​ប្រទេស​កម្ពុជា​ទេ។

បើ​យោង​តាម​អនុប្រធាន​គណបក្ស​ប្រឆាំង​លោក ស្រី មូរសុខហួរ បាន​ឲ្យ​ដឹង​ថា​គណបក្ស​សង្គ្រោះជាតិ​បាន​លើក​ទឹកចិត្ត​យ៉ាង​សកម្ម​ដល់​ស្ត្រី​ដើម្បី​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ទាំងនោះ ប៉ុន្តែ​ឥរិយាបថ​សង្គម​តែង​បាន​រារាំង​ប្រឆាំង​ស្ត្រី​នៅ​ក្នុង​ឆាក​នយោបាយ។

លោកស្រី កុយ សុគន្ធា បាន​សន្និដ្ឋាន​ថា​ច្បាប់​តែ​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​នៅ​ក្នុង​ការិយាល័យ​ទេ​ដោយ​លោកស្រី​លើក​ឡើង​ថា​ជា​ដំបូង​ទំនាក់​ទំនង​យេនឌ័រ​ក្នុង​សង្គម​ត្រូវ​តែ​ផ្លាស់ប្តូរ៕ NS

No comments: