March 20, 2017

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣​ចាប់​ពី​ថ្ងៃ​ទី​២៤-២៦​មីនា

សិស្សានុសិស្ស​ជួយ​សម្អាត​បរិស្ថាន​នៅ​ទីតាំង​ដែល​អាជីវករ​លក់ដូរ​បណ្ដោះអាសន្ន​លើ​សួនច្បារ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។  RFA/Men Sothyr

ដោយ ម៉ែន សុធីរ RFA 2017-03-20

គិត​ត្រឹម​ថ្ងៃ​ទី​២០ មីនា នៅ​សល់ ៤​ថ្ងៃ​ទៀត​ដែល​គណៈកម្មការ​អន្តរ​ក្រសួង​សហការ​ជាមួយ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង នឹង​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៣។ ក្នុង​នោះ​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង កំពុង​ប្រឹងប្រែង​រៀបចំ​សណ្ដាប់ធ្នាប់ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ សម្អាត​អនាម័យ និង​ភ្ជាប់​ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង ខណៈ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​គំនរ​សំរាម​បន្សល់​ទុក​ដោយ​អាជីវករ​ផ្សារ​ស្ទឹងត្រែង ដែល​បាន​ផ្លាស់ប្ដូរ​ទីតាំង​លក់​ថ្មី។

មន្ត្រី​នៃ​សាលា​ខែត្រ​ស្ទឹងត្រែង អះអាង​ថា គណៈកម្មការ​អន្តរ​ក្រសួង រួម​ទាំង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធានា​ថា​នឹង​រៀបចំ​ពិធី​បុណ្យ​នេះ​ឲ្យ​ទាន់​ពេល ដែល​តាម​គម្រោង​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ មីនា។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មីនា ថា អាជ្ញាធរ​ចាប់​ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង ព្រម​ទាំង​រៀបចំ​អាជីវករ​ដែល​លក់​លើ​សួនច្បារ ឲ្យ​ចូល​លក់​ដូរ​ក្នុង​ផ្សារ​ស្ទឹងត្រែង វិញ។ លើស​ពី​នេះ អាជ្ញាធរ​ក៏​កំពុង​រៀបចំ​ទីកន្លែង​ប្រារព្ធ​ពិធី​ប្រគំ​តន្ត្រី និង​លម្អ​តាម​ស្ពាន បង្គោល​ភ្លើង​កាត់​ទទឹង​ថ្នល់ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការ​រៀបចំ​ទីតាំង​ស្តង់​សម្រាប់​លក់​ផលិតផល។ ចំណែក​សន្តិសុខ​សណ្ដាប់ធ្នាប់ គណៈកម្មការ​អន្តរ​ក្រសួង​មាន​ផែនការ​ច្បាស់លាស់ ដែល​មាន​ការ​ចូលរួម​ពី​អគ្គស្នងការ​នគរបាល​ជាតិ អគ្គបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​កម្លាំង​សមត្ថកិច្ច​បី​ប្រភេទ ថ្នាក់​ខែត្រ​រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់៖ «នេះ​ជា​ការ​រំពឹង​ទុក​របស់​គណៈកម្មការ​អន្តរ​ក្រសួង ដែល​លោក​បាន​ផ្សព្វផ្សាយ​ប្រមាណ​ជាង ៥​ម៉ឺន​នាក់​ជាង ដែល​ចូលរួម​ពិធី​បុណ្យ​នេះ ក្នុង​នោះ​ប៉ាន់​ប្រមាណ​ថា មាន​ភ្ញៀវ​ក្នុង​ខែត្រ​មាន​ពី ៣​ម៉ឺន​ទៅ ៤​ម៉ឺន​នាក់​ជាង ដែល​គាត់​មក​ទស្សនា ហើយ​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ»។

គណៈកម្មការ​អន្តរ​ក្រសួង និង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​បើក​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន និង​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ស្ដីពី​ការ​ដឹកនាំ​យន្តការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពិធី​បុណ្យ​នេះ​ជា​ការ​រំឭក​គុណ​ព្រះ​គង្គា ដែល​ផ្តល់​សក្ដានុពល​ធម្មជាតិ​សម្បូរ​បែប​ស្រោចស្រព​ដំណាំ​កសិកម្ម ជា​ប្រភព​ប្រាក់​ចំណូល​ពលរដ្ឋ និង​ប្រព័ន្ធ​ជីវចម្រុះ​សម្បូរ​បែប​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​មិន​ចេះ​រីង​ស្ងួត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា មន្ទីរ​ជំនាញ​បាន​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​សេវាកម្ម​ស្នាក់នៅ​ទាំងអស់ ឲ្យ​ត្រៀម​លក្ខណៈ​សម្បត្តិ​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ត្រឹមត្រូវ។ មន្ទីរ​ទេសចរណ៍​ជំរុញ​ឲ្យ​ម្ចាស់​សេវាកម្ម​ស្នាក់នៅ ត្រូវ​រៀបចំ​លំអ​នៅ​ទីតាំង​របស់​ខ្លួន និង​រៀបចំ​តារាង​តម្លៃ​ឲ្យ​ច្បាស់លាស់។ លើស​ពី​នេះ មន្ទីរ​ទេសចរណ៍​បាន​ត្រៀម​បន្ទប់​ស្នាក់នៅ​ជូន​ភ្ញៀវ គឺ​រៀបចំ​ផ្ទះ​ស្នាក់​ទីក្រុង​មាន​បន្ទប់ ២០០​បន្ទប់​បន្ថែម​ទៀត ខណៈ​ការ​ផ្តល់​សេវា​ស្នាក់នៅ​របស់​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ក្នុង​ខែត្រ​នេះ​មាន​ត្រឹម​ចំនួន ៨៦០​បន្ទប់។

កាល​ពី​ថ្ងៃ​ទី​១៣ មីនា អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ដល់​ម្ចាស់​ផ្ទះ​សំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន​ទាំងអស់ ត្រូវ​រៀបចំ​តុបតែង​ភ្លើង​លំអ​ទៅ​តាម​ទីតាំង​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ក្រុង បំណង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​សម្រាក​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ទន្លេ និង​ពិធី​ចូល​ឆ្នាំ​ខ្មែរ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន លើក​ឡើង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​មាន​អត្ថប្រយោជន៍​ដូចជា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ជ្រាប​ពី​សក្ដានុពល​តំបន់​ទេសចរណ៍​ធម្មជាតិ​នៅ​ខែត្រ​ស្ទឹងត្រែង បំណង​បង្កើន​ប្រាក់​ចំណូល​ដល់​សហគមន៍ និង​ដើម្បី​រំឭក​គុណ​ព្រះ​គង្គា ដែល​ផ្តល់​ប្រភព​ធនធាន​មិន​ចេះ​រីង​ស្ងួត។ លោក​ថា មន្ត្រី​ទេសចរ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទាំងអស់ មិន​ឲ្យ​ឡើង​ថ្លៃ និង​ជំរុញ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​នានា​ត្រូវ​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ៖ «យើង​ត្រៀម​ស្តង់​សម្រាប់​ពិព័រណ៍​នៅ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង យើង​នេះ នឹង​រៀបចំ​ដាក់​ព័ត៌មាន​បន្ថែម​ទៀត ក្រៅ​ពី​យើង​មាន​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ទេសចរណ៍​មួយ​នៅ​គល់​ស្ពាន​សេកុង​ហើយ និង​ត្រៀម​ទទួល​ផ្តល់​ព័ត៌មាន​គ្រប់​ភ្ញៀវ​ទេសចរ​មក​ទាំងអស់»។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​យុវជន ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ចោល​សំរាម​របស់​ពលរដ្ឋ និង​អាជីវករ​នៅ​ខែត្រ​ស្ទឹងត្រែង បើ​ទោះ​បី​ជា​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​បង្កើត​យុទ្ធនាការ​ដើរ​រើស​សំរាម​បង្កើត​ធុង​សំរាម​ច្រើន​ទីតាំង និង​បង្កើត​ក្រុម​ការងារ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​លំនៅឋាន​ផ្ទាល់​ក្តី។ ការ​ព្រួយ​បារម្ភ​នេះ ក្រោយ​ពី​អាជីវករ​ផ្សារ​ស្ទឹងត្រែង រាប់​ពាន់​នាក់​បាន​ផ្លាស់ប្ដូរ​កន្លែង​លក់​ដូរ​ថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បាន​រុះរើ​តូប​លក់​ដូរ​របស់​ខ្លួន​លើ​សួនច្បារ និង​ផ្លូវ​សាធារណៈ​បន្សល់​គំនរ​សំរាម​ច្រើន​ស្អេកស្កះ។

គំនរ​សំរាម​ដែល​អាជីវករ​រុះរើ​តូប​ចេញ​ពី​សួនច្បារ និង​លើ​ផ្លូវ​សាធារណៈ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

យុវ​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះរាជបូជនីយកិច្ច កញ្ញា សឿន ធីតា មើល​ឃើញ​ថា ទម្លាប់​បោះ​ចោល​សំរាម​ពាសវាលពាសកាល​របស់​ពលរដ្ឋ និង​អាជីវករ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​ក្លាយ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង​ប៉ះពាល់​សុខភាព​សាធារណៈ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម និង​បរិស្ថាន។ កញ្ញា​សង្កេត​ឃើញ​ថា នៅ​គ្រា​បុណ្យ​ទន្លេ​ជិត​មក​ដល់ ក្រុម​អាជីវករ​បាន​ទៅ​លក់​នៅ​កន្លែង​ថ្មី បន្សល់​កាក​សំណល់​សំរាម​ស្អុយ​រលួយ​ពាស​ពេញ​ក្រុង គឺ​ជា​សញ្ញា​បង្ហាញ​ពី​ឥរិយាបថ​មិន​ល្អ​របស់​អាជីវករ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រក​វិធានការ​ដោះស្រាយ និង​លុប​បំបាត់។ លើស​ពី​នេះ ការ​រៀបចំ​សណ្ដាប់ធ្នាប់ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ក៏​កំពុង​មាន​ភាព​យ៉ាប់យ៉ឺន​ដែរ ដោយសារ​ពេលវេលា​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​កាន់​តែ​កៀក ហើយ​ទំហំ​នៃ​ការ​អភិវឌ្ឍ​ធំធេង ដែល​អាច​កសាង​មិន​បាន​ទាន់​ពេល៖ «បើ​តាម​នាង​ខ្ញុំ​សង្កេត​ឃើញ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង យើង​ហាក់​បី​ដូចជា​មិន​ទាន់​មាន​ការ​រៀបចំ​បាន​ល្អ​ត្រឹមត្រូវ​ប៉ុន្មាន​ទេ ព្រោះ​អី​នៅ​ខាង​មុខ​នេះ​មាន​រៀបចំ​ពិធី​បុណ្យ​ទន្លេ​ហើយ»។

អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី ទទួល​ស្គាល់​ថា ក្រុម​អាជីវករ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅ​គ្រា​ដែល​រុះរើ​តូប​បន្សល់​គំនរ​សំរាម​ច្រើន​ពេញ​ផ្លូវ និង​លើ​សួនច្បារ។ បញ្ហា​នេះ អាជ្ញាធរ​ក្រុង​នឹង​ស្នើសុំ​សហការ​ទៅ​កម្លាំង​ប្រដាប់​អាវុធ មន្ទីរ​សាធារណការ ក្រុម​យុវជន និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ប្រារព្ធ​យុទ្ធនាការ​សម្អាត​ជា​ថ្មី​ទៀត។ លោក​សង្កត់​ធ្ងន់​ថា បញ្ហា​សំរាម អាជ្ញាធរ​ក្រុង​នឹង​អនុវត្ត​វិធានការ​ផាក​ពិន័យ​បែប​អន្តរកាល​ផ្អែក​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល នៅ​ពេល​បុណ្យ​ទន្លេ​រួច៖ «ហើយ​ដល់​ពេល​គាត់​រើ​តូប​ចេញ បាន​ដឹង​ថា​សំរាម​បាន​អស្ចារ្យ​ប៉ុណ្ណា ហើយ​ស្អែក​ហ្នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ទៀត សុំ​កម្លាំង​ខែត្រ​ជួយ ទាំង​ប៉ូលិស ទាហាន​ប៉េអិម ហើយ​ជួយ​គឺ​ទាល់​តែ​ហើយ»។

ខែត្រ​ស្ទឹងត្រែង ធ្វើ​ជា​ម្ចាស់​ផ្ទះ​បុណ្យ​ទន្លេ​លើក​ទី​៣ ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ មីនា នេះ បន្ទាប់​ពី​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១៥ ធ្វើ​នៅ​ខែត្រ​ក្រចេះ មាន​មនុស្ស​ចូលរួម​ជាង ១០​ម៉ឺន​នាក់ និង​លើក​ទី​២ នៅ​ខែត្រ​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៦ មាន​មនុស្ស​ចូលរួម​ជាង ៥០​ម៉ឺន​នាក់។

រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​ពិធី​បុណ្យ​ទន្លេ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន​នៅ​ជាប់​ដង​ទន្លេ ក្នុង​ទិសដៅ​ជំរុញ​ឲ្យ​មាន​ការ​តភ្ជាប់​មហា​អនុ​តំបន់​តាម​ដង​ទន្លេ​មេគង្គ និង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​ទន្លេ​មេគង្គ​លើ​ឆាក​អន្តរជាតិ។ បន្ថែម​ពី​នេះ គឺ​ផ្ដោត​លើ​ការ​បង្កើត​ផលិតផល​ថ្មី​ឲ្យ​បាន​ច្រើន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត និង​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ឲ្យ​មនុស្ស​ជាតិ​ស្គាល់​ពី​តម្លៃ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

រៀបចំ​បុណ្យ​ទន្លេ ស្ទឹងត្រែង ២០១៧ ១៤៤០អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង សង់​តូប​ត្រៀម​សម្រាប់​ពិធី​បុណ្យ​ទន្លេ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr

No comments: