March 21, 2017

បក្ស​ប្រឆាំង​​បន្ត​ប្រើ​ពាក្យស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ​ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ទោះ​បី​បក្ស​កាន់​អំណាច​​ព្រមាន​ប្ដឹង

រូបឯកសារ៖ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ពន្យល់ពី​មូលហេតុ​ដែល​មិនចូល​រួម​ប្រជុំ​រដ្ឋសភា នៅទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។​ (កាន់ វិច្ឆិកា/VOA)

កាន់ វិច្ឆិកា VOA Khmer 20 មិនា 2017

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ នឹង​មិន​ផ្លាស់​ប្ដូរ​ពាក្យ​ស្លោក​នេះ​ទេ ហើយ​ក៏​មិន​បារម្ភ​ពី​ការ​ព្រមាន​ប្ដឹង​ផ្ដល់​ពី​គណបក្ស​កាន់​អំណាច​នោះ​ដែរ។

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាស​ថា​ ខ្លួននៅតែ​បន្ត​ប្រើ​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ» សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ពេល​ខាង​មុខ បើ​ទោះ​បី​ជា​ មាន​ការ​ព្រមានប្ដឹង​ពីគណបក្សកាន់អំណាច​ថា ពាក្យ​ស្លោក​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ក៏​ដោយ។

ក្នុងសមាជវិសាមញ្ញបក្សកាលពីដើមខែមីនានេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​ពាក្យ​ស្លោក​នយោបាយ​មួយ ដោយ​ភ្ជាប់​ជាមួយ​នឹង​គោល​នយោបាយ​៥​ចំណុចរបស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាងមុខ។

បន្ទាប់ពី​ប្រកាស​នូវ​គោល​នយោបាយ និង​ពាក្យ​ស្លោក​នោះ​បានប៉ុន្មានថ្ងៃ​ គណបក្សប្រជាជនកម្ពុជាបានប្រតិកម្ម​ដោយ​ទាម​ទារ​ឲ្យ​កែ​តម្រូវ និង​បានគំរាមប្ដឹងគណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ឡើង​ថា ខ្លឹមសារ​នៃ​ពាក្យ​ស្លោក​នោះ​មាន​ចរិត​ញុះញង់ និង​ប្រមាថ​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ-សង្កាត់​ដែល​កំពុង​បម្រើ​ការងារ​ទូទាំង​ប្រទេស ក្នុង​ពេល​បច្ចុប្បន្ន។​

រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់ VOA នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ពាក្យ​ស្លោក​«ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្រ្ត» ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ប្រើ គឺ​ជា​ពាក្យ​ស្លោក​ធម្មតា​ដែល​មិនមែន​ជា​គោល​នយោបាយ​របស់​គណបក្ស​នោះ​ទេ។

លោកបន្ថែមថា ពាក្យ​ស្លោក​នេះ គ្មាន​ចរិត​ញុះញង់​ ឬ​ធ្វើ​ឲ្យប៉ះពាល់​ដល់​អសន្តិ​សុខ​សង្គមដូច​ការ​លើក​ឡើងឡើយ។

លោក អេង ឆៃអ៊ាង​ បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ផ្លាស់​ប្ដូរ​ពាក្យ​ស្លោក​នេះ​ទេ ហើយ​ក៏​មិន​បារម្ភ​ពី​ការ​ព្រមាន​ប្ដឹង​ផ្ដល់​ពី​គណបក្ស​កាន់​អំណាច​នោះ​ដែរ។ ​

លោក​បញ្ជាក់​ថា៖ «បើ​ថា​ពាក្យ​ស្លោក​ហ្នឹង​នៅ​ក្នុង​គោល​នយោបាយ អា​ហ្នឹង​បាន​គណបក្សសង្គ្រោះ​ជាតិ​ហ្នឹង​ត្រូវ​ពិនិត្យ តែ​ឥលូវវា​អត់។ ក្នុង​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វា​អត់​មាន​ពាក្យ​ស្លោក​ហ្នឹង​ឯណា។ នៅ​ក្នុង​កម្មវិធី​របស់​គណបក្ស​នីមួយៗ​គឺ​អត់​មាន​ដាក់​ពាក្យ​ស្លោក​ទេ។ ពាក្យ​ស្លោក​ហ្នឹង​គេ​ដាក់​ម្ដងម្កាល។ គេ​ប្រើ​ម្ដងម្កាល​ ពេល​មាន​កម្មវិធី គ្រាន់តែ​មាន​កម្មវិធី​អី​តើ ឬ​គេ​និយាយ​ម្ដងម្កាល​តើ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គណបក្ស​នយោបាយ​នីមួយៗ​ហ្នឹង​គឺផ្ដោត​ទៅ​លើ​កម្ម​វិធី​នយោបាយ​របស់​ខ្លួន គោល​នយោបាយ​របស់​ខ្លួន ដើម្បី​ឲ្យ​គណបក្ស ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បោះឆ្នោត​ហ្នឹង​ជ្រាប​ច្បាស់​ពី​រឿង​ហ្នឹង»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

មនុស្ស​របស់​គណបក្ស​ប្រជាជន​ដែល​អះអាង​ថា ​ពួកគេ​ជា​មេឃុំ ឬ​ចៅ​សង្កាត់រាប់​រយនាក់ បាន​នាំ​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ ដោយ​អះអាង​ថា ពួកគេ​បាន​បម្រើ​រាស្ត្រ​ច្រើន​ជាង​បម្រើ​បក្ស។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់ VOA ថា ពាក្យ​ស្លោក«ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ» ជា​ការ​រំលោភ​ច្បាប់ និង​បានធ្វើ​ឲ្យ​ប៉ះពាល់ដល់​សតិ​អារម្មណ៍​របស់មេឃុំ-ចៅ​សង្កាត់​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​វាយ​តម្លៃ​តែមួយ​ជំហាន​ថា មេឃុំ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ធ្វើ​ការ​បម្រើ​បក្ស​ហ្នឹង អា​ហ្នឹង​វា​មិន​ត្រឹម​ត្រូវ​១០០​ភាគ​រយ​ទេ វា​ខុស។ វា​ជា​ការ​រើសអើងធ្វើ​ឲ្យ​មាន​ បដិវាទកម្ម​នៅ​ក្នុង​សតិ​អារម្មណ៍​ក៏​ដូចជា​ក្នុង​ការងារ នៅ​ក្នុង​សង្គម​កម្ពុជា។ អា​ហ្នឹង​វា​ចូល​ដល់​រឿង​បែក​បាក់​ផ្ទៃ​ក្នុង​សង្គម​កម្ពុជា។ អញ្ចឹង​ទេ ​បាន​ជា​យើង​មាន​ប្រតិកម្ម»។

លោក​ សុខ ឥសាន បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្ដឹង​គណបក្ស​សង្រ្គោះ​ជាតិ តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់នៃ​គម្រោង​ប្ដឹង​នោះ​ទេ។

រូបឯកសារ៖ លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល។

ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ» ធ្លាប់​ត្រូវ​បានគណបក្សសិទ្ធិ​មនុស្ស​ប្រើ​ម្ដង​រួច​មក​ហើយកាល​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១២ ប៉ុន្តែ​ក្នុងពេល​នោះ​ហាក់​មិនមាន​ប្រតិកម្ម​ណា​មួយ​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នោះ​ទេ។​

ទោះ​ជា​យ៉ាង​ណា​ សម្រាប់​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​យល់​ថា ការ​ប្រើប្រាស់​ពាក្យ​ស្លោក​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ ហើយ​ថា រដ្ឋាភិបាល​គួរ​តែ​យក​ពាក្យ​ស្លោក​នោះ​ដើម្បី​ពង្រឹង​ការងារ​ឃុំ​សង្កាត់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក ​យឿង សុធារ៉ា ​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្រ្វែល ប្រាប់ VOA ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិរិះ​គន់​ ដែល​មិនមែន​ជា​ការ​ប្រមាថ ឬ​ធ្វើ​ឲ្យ​មាន​ព្យសនកម្ម​ណាមួយ​ដល់​សង្គម ត្រូវ​បាន​អនុញ្ញាត។

លោក​បន្ថែម​ថា ការ​ប្រើ​ពាក្យ​ស្លោក​របស់​គណបក្ស​ប្រឆាំង គ្រាន់​តែ​ជា​ពាក្យស្លោក​ដែល​ធ្វើ​ឡើង​ក្នុង​ការ​ប្រកួត​ប្រជែង​បែប​នយោបាយ​ មិន​មែន​ជា​ការ​ខុស​ច្បាប់​នោះ​ទេ។

រូបឯកសារ៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​ជា​ការ​បញ្ចេញ​មតិ​របស់​គាត់ ​វា​មិន​ខុស​ច្បាប់ វា​អត់​មាន​ចែង​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ពី​ទង្វើ​របស់​គាត់​ពីបទ​ល្មើស​ហ្នឹង​ទេ។ អា​ហ្នឹង​ខ្ញុំ​គិត​ថា​វា​មិន​អី​ទេ គឺ​គណបក្ស​នយោបាយ​នីមួយៗ​ហ្នឹង​មាន​សិទ្ធិ​បញ្ចេញ​យោបល់ រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រកួត​ប្រជែង​ក្នុង​សង្វៀន​ប្រជាធិបតេយ្យ»។​

លោក មាស នី អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម​ លើក​ឡើង​ថា ប្រតិកម្ម​របស់​គណបក្ស​កាន់អំណាច​ទៅ​លើពាក្យ​ស្លោក​របស់​គណបក្ស​ប្រឆាំង គឺជា​រឿង​គួរ​ឲ្យ​អស់​សំណើច។

លោក​បន្ថែម​ថា គណបក្ស​កាន់​អំណាច​គួរ​តែ​ពង្រឹង​មេឃុំ និង​ចៅ​សង្កាត់​មួយ​ចំនួនដែល​មាន​ភាព​ទន់​ខ្សោយ​ក្នុង​ការ​អនុវត្ត​ការងារ ជា​ជាង​ប្រតិកម្ម​លើពាក្យ​ស្លោក​ដែល​ប្រើ​ដោយ​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា៖«វា​ជា​ផ្នែក​មួយ​នៃ​ការ​ដាស់​តឿន​ដើម្បី​ឈាន​ទៅ​រកការ​ពង្រឹង​អភិបាល​កិច្ច​ល្អ​នៅ​តាម​មូលដ្ឋាន។ ហើយ​ជា​ពិសេស​ជួយបម្រើ​ក្នុង​វិស័យ​វិមជ្ឈការ និង​គោល​នយោបាយ​វិមជ្ឈការ​របស់​រដ្ឋាភិបាល។ ហើយ​បើ​សិន​ជា​គណបក្ស​ណា​អាច​ធ្វើ​រឿង​នេះ​បាន​ល្អ គឺ​គណបក្ស​ហ្នឹង​នឹងអាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ពិត​ប្រាកដ»។

នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​សារ​នយោបាយ​មួយ​គឺ «ដូរ ឬ​មិន​ដូរ» ក្នុង​យុទ្ធនា​ការ​បោះ​ឆ្នោត​របស់​ខ្លួន។ការ​បន្ត​ប្រើ​ពាក្យ​នេះ​របស់​គណ​បក្ស​ប្រឆាំង​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​បន្តបន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ផង ដោយ​ចោទ​ថា ការ​ប្រើ​ពាក្យ​នេះ​ នាំ​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម៕

1 comment:

Khmer Oversea said...

If CPP chief truely serve their people then CPP commune cheif should embrace the sign (remove commune chief who serve party and replace commune chief who serve people).