March 20, 2017

សមាជិក​សភា​អាស៊ាន​ព្រមាន​ថា​ប្រព័ន្ធ​នយោបាយ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស និង​នយោបាយ​នៅ​កម្ពុជា នា​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Photo courtesy of APHR

ដោយ ឡេង ម៉ាលី RFA 2017-03-20

សមាជិក​សភា​អាស៊ាន​មួយ​ក្រុម​ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស បាន​ចេញ​របាយការណ៍​របស់​ខ្លួន​មួយ​ដោយ​ព្រមាន​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ និង​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ។ មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។

របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដែល​ចេញ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០ មីនា ដោយ​ដាក់​ចំណង​ជើង​ថា «ការ​វាយ​ប្រហារ​សមាជិក​សភា និង​ការ​គំរាម​កំហែង​ស្ថាប័ន​កម្ពុជា គឺ​ជា​សំឡេង​ជួង​មរណៈ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

របាយការណ៍​នេះ​ចេញ​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មួយ​ក្រុម​ដែល​រួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា​កាល​ពី​ពេល​ថ្មីៗ រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​ពិធី​សម្ពោធ​របាយការណ៍​នេះ ថ្លែង​ថា នេះ​ជា​សំឡេង​របស់​អាស៊ាន​អំពី​ភាព​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «វា​មាន​សារសំខាន់​ណាស់​ដែល​ត្រូវ​មាន​សំឡេង​អាស៊ាន​ក្នុង​ការ​ជជែក​អំពី​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មាន​ការ​វាយ​ប្រហារ​ជា​ថ្មី​ទៀត​សំដៅ​ទៅ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ អ្នក​ការពារ​សិទ្ធិ​មនុស្ស ព្រម​ទាំង​បណ្ដា​ក្រុម និង​អង្គការ​ដែល​ព្យាយាម​ការពារ​សិទ្ធិ​របស់​ពួក​គេ ដូចជា​សិទ្ធិ​ដីធ្លី​ជាដើម។ ខ្ញុំ​បាន​និយាយ​ថា ក្នុង​កម្រិត​នេះ កម្ពុជា កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​របៀប​ដឹកនាំ​របស់​លោក ស៊ូ ហាតូ នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឬ​ក៏​ស្រដៀង​នឹង​របៀប​ដឹកនាំ​ដែល​មាន​គណបក្ស​តែ​មួយ ដូច​យើង​ឃើញ​មាន​នៅ​ប្រទេស​វៀតណាម និង​ឡាវ អ៊ីចឹង។ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ពោល​គឺ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ។ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នោះ មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​គណបក្ស​នយោបាយ ប្រសិន​បើ​មេ​ដឹកនាំ​នៃ​គណបក្ស​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស។ វា​ជា​រឿង​អាក្រក់​ណាស់​ដែល​កម្ពុជា មក​ចម្លង​យក​របៀប​ដឹកនាំ​បែប​យោធា​កាល​ពី​មុន​ពី​ទីនេះ​ទៅ​ប្រើ​នៅ​ប្រទេស​របស់​ខ្លួន»។
ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ដែល​មាន​លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជា​ប្រធាន មាន​អតីត​ព្រឹទ្ធសភា​ថៃ លោក ក្រៃសាក់ ឈុនហាវ៉ាន់ (Kraisak Choonhavan) ជា​សមាជិក​ក្រុមប្រឹក្សា និង​មាន​តំណាងរាស្ត្រ​ហ្វីលីពីន លោក តូម៉ាស៊ីតូ វីឡរីន (Tomasito Villarin) ជា​សមាជិក បាន​ចាត់​ទុក​ថា ប្រព័ន្ធ​នយោបាយ​កម្ពុជា កំពុង​ប្រឈម​នឹង​វិបត្តិ​ភាព​ស្រប​ច្បាប់ ដែល​គំរាម​ដល់​ភាព​អន្តរាយ​របស់​ប្រទេស ដែល​លទ្ធិប្រជាធិបតេយ្យ​កំពុង​តែ​ផុយ​ស្រួយ​ស្រាប់។

របាយការណ៍​នេះ​ក៏​ផ្ដោត​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ជា​ការ​ផ្ដល់​អំណាច​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ ឲ្យ​អាច​ព្យួរ ឬ​រំលាយ​គណបក្ស​ណា​មួយ​បាន។ ការ​វាយ​ប្រហារ​បែប​នេះ គឺ​ជា​បរិបទ​បង្ក្រាប​ថ្មី និង​រីក​ធំ​លើ​អ្នក​ប្រឆាំង ហើយ​មាន​គោលដៅ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ជីវិត​ពលរដ្ឋ​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ការ​កើន​ឡើង​ការ​គំរាម​កំហែង​សមាជិក​សភា​ផ្សេង​ទៀត​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍​ដែរ។ របាយការណ៍​បន្ត​ថា វាយ​ដំ​សមាជិក​សភា សង្គម​ស៊ីវិល និង​រិះគន់​រដ្ឋាភិបាល គឺ​ជា​កិច្ច​ខិតខំ​ទប់ស្កាត់​មិន​មាន​អ្នក​និយាយ​ប្រឆាំង​រដ្ឋាភិបាល។ សកម្មភាព​នេះ នាំ​អន្តរាយ​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ ហើយ​ក៏​អាច​នាំ​កម្ពុជា ទៅ​រក​ប្រទេស​ឯក​បក្ស។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ជា​ការ​វាយ​ប្រហារ​នយោបាយ និង​ប្រជាធិបតេយ្យ​កម្ពុជា ហើយ​ប្រមាថ​ឧត្ដម​គតិ​របស់​សមាជិក​ប្រទេស​អាស៊ាន ដែល​ឈរ​លើ​ការ​មិន​ជ្រៀតជ្រែក​គ្នា៖ «គឺ​គាត់​គ្រាន់​តែ​ជា​អាយ៉ង​របស់​ក្រុម​នយោបាយ​មួយ​ក្រុម ដែល​កំពុង​តែ​យក​ពាក្យ​ដែល​មិន​មាន​ន័យ​នៅ​ក្នុង​ច្បាប់​កម្ពុជា គឺ​យុត្តិធម៌ ហើយ​និង​សេរី មក​ប្រើប្រាស់​គ្រាន់​តែ​ជា​ប្រព័ន្ធ​នៃ​យុទ្ធនាការ​ឃោសនា​ទេ។ កម្ពុជា គឺ​យើង​ធ្វើ​ទៅ​តាម​ច្បាប់​បោះឆ្នោត ដែល​កម្ពុជា មាន ហើយ​ការ​បោះឆ្នោត​កម្ពុជា តែងតែ​ធ្វើ​ឡើង​ទៀងទាត់ ហើយ​ទៅ​តាម​អ្វី​ដែល​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​គ្មាន​អ្វី​មក​លូកលាន់​នៅ​ក្នុង​ដែន​អធិបតី ហើយ​និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា នោះ​ទេ ហើយ​យើង​ឃើញ​ពហុ​បក្ស​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា កម្ពុជា ហ្នឹង​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​ជាពិសេស ក្រុម​ដែល​កំពុង​តែ​លើក​ឡើង​ហ្នឹង​ឯង»។

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) គឺ​ជា​កម្លាំង​អន្តរាគមន៍​សិទ្ធិ​មនុស្ស​មួយ​នៃ​សមាជិក និង​អតីត​សមាជិក​សភា ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន និង​តាម​មធ្យោបាយ​កែលំអ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ការ​រើសអើង ដើម្បី​លើក​កម្ពស់​សេរីភាព​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ទូទាំង​តំបន់។ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស គាំទ្រ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ដំណោះស្រាយ​និរន្តរភាព ដែល​បង្កើន​សម្ពាធ​រដ្ឋាភិបាល និង​ស្ថាប័ន​នានា ដើម្បី​ឲ្យ​ធានា​ដល់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លើក​ស្ទួយ និង​អនុវត្ត​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

1 comment:

Chun Sokha said...

UN , NGOs , American , European and Asian say the same thing about Cambodia but Phay Siphan says different . Has Phay Siphan ever thought why the UN, NGOs and those countries around the world have something against Cambodia ? All those people who voiced their opinion about Cambodia are educated people . But why all of them are wrong ? Cambodia used to beg those countries for money and hundreds of millions of dollars each year . Why should they criticize Cambodia if Cambodia hasn't done anything wrong ? I wish Phay Siphan sit back , relax and think about it .