March 20, 2017

សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦​យ៉ាង​ស្ងប់ស្ងាត់

សហគមន៍​បុរីកីឡា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Ou Banung

ដោយ អ៊ូ បាណុង RFA 2017-03-20

សហគមន៍​បុរីកីឡា​មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​ដូច​សព្វដង​នោះ​ទេ​នៅ​ថ្ងៃ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) សប្ដាហ៍​ទី​៤៦។ អ្នក​បុរីកីឡា​អះអាង​ថា ការ​មិន​ធ្វើ​កម្មវិធី​ធំ​ដុំ​ឲ្យ​អធិកអធម​នោះ ដោយសារ​រដ្ឋាភិបាល​កំពុង​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​លោក សុខ អាន អតីត​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

បើ​ទោះ​ជា​មិន​បាន​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​នាក់​រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ក្ដី ក៏​ក្រុម​សហគមន៍​បុរីកីឡា​នៅ​តែ​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​ស្វែងរក​យុត្តិធម៌​សម្រាប់​មន្ត្រី​សិទ្ធិ​មនុស្ស និង​ដោះស្រាយ​បញ្ហា​ដីធ្លី​សេសសល់​ជូន​ពួក​គាត់។

តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ថ្លែង​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ថា ក្នុង​ឱកាស​ដែល​ខាង​សហគមន៍​របស់​លោកស្រី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​សហគមន៍​លោកស្រី​គ្រាន់​តែ​ជួបជុំ​គ្នា​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​ប៉ុណ្ណោះ ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​អាច​ផ្លាស់ប្ដូរ​ចិត្ត រួច​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់៖ «លោក សុខ អាន គាត់​ទើប​ស្លាប់​ថ្មីៗ​អ៊ីចឹង មីង​គ្រាន់​តែ​ថា​ជួបជុំ​សហគមន៍​បុរីកីឡា ថត​ជា​សារ​បង្ហោះ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ.ជ.ប ហើយ​ទម្លាក់​បទ​ចោទ​ប្រកាន់​លោក គឹម សុខ និង​តុលាការ​ត្រូវ​ហ៊ាន​បង្ហាញ​កាមេរ៉ា​ពិត​ដែល​សម្លាប់​លោក​បណ្ឌិត កែម ឡី»។

ជា​រៀង​រាល់​ថ្ងៃ​ច័ន្ទ អ្នក​បឹងកក់ និង​បុរីកីឡា តែង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ដោយ​ស្លៀក​ពាក់​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ៦​រូប គឺ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី អគ្គលេខាធិការ​រង គ.ជ.ប ១​រូប គឺ​លោក នី ចរិយា ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ១១​ខែ​ហើយ​ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី​ក្នុង​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។ ចំណែក​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជាង ៧​ខែ​ហើយ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ដឹកនាំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​រឿងរ៉ាវ​ពីរ​ករណី​ទៀត​កើត​ឡើង​កាល​ពី​ជាង ៤​ឆ្នាំ​មុន ហើយ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​សើរើ​ឡើង​វិញ។
ដោយឡែក​សម្រាប់​សហគមន៍​បឹងកក់​វិញ បាន​ផ្អាក​ការ​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤៦ ជា​ថ្មី ដោយសារ​ជាប់​រវល់​នឹង​កិច្ចការ​ផ្សេង​មួយ​រយៈពេល។

លោកស្រី សរ ស៊ន តំណាង​សហគមន៍​បុរីកីឡា​បញ្ជាក់​ថា ក្នុង​ចំណោម​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​សល់​ចំនួន ១៤​គ្រួសារ ប្រសិន​បើ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (Phan Imex) មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ជូន​ពួក​គាត់​ទេ ដូច្នោះ​គួរ​សង់​អគារ​ឲ្យ​ពួក​គាត់​ឲ្យ​បាន​គ្រប់​ចំនួន ១០​អគារ​តាម​ការ​សន្យា ថា​នឹង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​កន្លែង​បុរីកីឡា​ដោយ​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ស្រក់​ទឹក​ភ្នែក។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​របស់​សហគមន៍​បុរីកីឡា​នេះ កាល​ពី​ថ្ងៃ​ទី​៧ មីនា មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ដាក់​ឱសានវាទ​ឲ្យ​សហគមន៍​បុរីកីឡា​មក​ទទួល​យក​គោលការណ៍​ដោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​អំឡុង​រយៈពេល​មួយ​ខែ ហើយ​បើ​អំឡុង​ពេល​មួយ​ខែ​មិន​ព្រម​មក​ទទួល​យក​គោលការណ៍​នោះ គឺ​សាលា​ក្រុង​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

ទោះ​ជា​យ៉ាង​ណា លោកស្រី សរ ស៊ន ថ្លែង​ថា សហគមន៍​លោកស្រី​មិន​អាច​ទទួល​គោលការណ៍​ដោះស្រាយ​របស់​សាលា​ក្រុង​ដែល​ផ្ដល់​លុយ​ចំនួន ៣​ពាន់​ទៅ ៥​ពាន់​ដុល្លារ រួច​ហើយ​បង្ខំ​ឲ្យ​ពួក​គាត់​ដើរ​ចេញ​ពី​បុរីកីឡា​ឡើយ៕

No comments: