February 16, 2017

តើ​ជីវិត​នយោបាយ​លោក សម រង្ស៊ី ចប់​ត្រឹម​នេះ ឬ​យ៉ាង​ណា?

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។ ​RFA

ដោយ យាង សុជាមេត្តា RFA 2017-02-15

លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ប្រកាស​នូវ​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ថា​លោក​លាលែង​ពី​តួនាទី​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​ប្រកាស​របស់​លោក សម រង្ស៊ី នេះ ស្រប​ពេល​ដែល​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​កំពុង​រៀបចំ​ធ្វើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អាច​ឈាន​ដល់​រារាំង​លោក សម រង្ស៊ី ពី​ការ​ចូលរួម​ដឹកនាំ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ដោយសារ​តែ​លោក​មាន​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ។

តើ​ការ​ប្រកាស​លាលែង​ពី​តួនាទី​ជា​ប្រធាន និង​ពី​សមាជិក​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា របស់​លោក សម រង្ស៊ី ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​នៅ​ពេល​នេះ ឬ​យ៉ាង​ណា?

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី សំណួរ​ដែល​ពលរដ្ឋ​នាំ​គ្នា​ចោទ​សួរ​នោះ គឺ​ហេតុ​អ្វី​បាន​មេ​បក្ស​ប្រឆាំង​ចាស់​វស្សា​រូប​នេះ សម្រេច​ចិត្ត​បោះបង់​តំណែង​របស់​ខ្លួន​ចោល? តើ​បក្ស​ប្រឆាំង​មាន​ទំនាស់​ផ្ទៃក្នុង ឬ​យ៉ាង​ណា? តើ​លោក សម រង្ស៊ី ធុញ​ទ្រាន់​នឹង​ការ​ធ្វើ​នយោបាយ ឬ​យ៉ាង​ណា? ឬ តើ​អនាគត​របស់​បក្ស​ប្រឆាំង​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ពេល​គ្មាន​រូប​លោក សម រង្ស៊ី ជាដើម?

ក្រៅ​ពី​មាន​ចម្ងល់​ចំពោះ​ការ​លាលែង​របស់​លោក សម រង្ស៊ី អ្នក​ខ្លះ​ក៏​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ដោយ​គេ​យល់​ថា ដោយសារ​លោក សម រង្ស៊ី ដឹង​ច្បាស់​ពី​ល្បិចកល​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​ព្យាយាម​បំបែកបំបាក់​រំលាយ​បក្ស​ប្រឆាំង​តាម​រយៈ​ការ​កែប្រែ​ច្បាប់។ ចំណែក​អ្នក​ខ្លះ​ទៀត​ចាត់​ទុក​លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​កំសាក មិន​ហ៊ាន​នៅ​ត​ទល់​ជាមួយ​បក្ស​កាន់​អំណាច ខណៈ​អ្នក​ខ្លះ​ទៀត​យល់​ថា ការ​លាលែង​នេះ​មិន​មែន​ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​លោក សម រង្ស៊ី ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ប៉ុណ្ណោះ។

ទោះ​ជា​មាន​ការ​បកស្រាយ​ក្នុង​ហេតុផល​ណា​ក៏ដោយ​ចុះ​សម្រាប់​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិញ លោក​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅ​ក្នុង​កិច្ច​ប្រជុំ​បក្ស​តាម​រយៈ​វីដេអូ ខនហ្វើរេន (Video Conference) ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ការ​លាលែង​របស់​លោក​គឺ​ដើម្បី​ការពារ​គណបក្ស​ពី​ការ​រំលំ​រលាយ។ លោក​បន្ត​ថា បើ​លោក​នៅ​ធ្វើ​ជា​ប្រធាន ហើយ​គណបក្ស​ត្រូវ​គេ​រំលាយ​វា​នឹង​ខាត​ដល់​ប្រយោជន៍​គណបក្ស និង​ប្រយោជន៍​ប្រទេស​ជាតិ។

លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា លោក​មិន​ត្រឹមតែ​សុខចិត្ត​អស់​តំណែង​ដើម្បី​កុំ​ឲ្យ​បក្ស​រលាយ​នោះ​ទេ តែ​លោក​សុខ​ចិត្ត​អស់​ជីវិត​កុំ​ឲ្យ​តែ​ជាតិ​ស្លាប់៖ «ដូច្នេះ​យើង​ត្រូវ​ហ៊ាន​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​បុព្វហេតុ​មួយ​ដែល​យើង​ស្រឡាញ់​លើសលប់​ក្នុង​ចិត្ត​របស់​យើង ខ្ញុំ​តែងតែ​និយាយ​ញឹកញាប់​មក​ហើយ​ថា តំណែង​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​ឧត្ដម​គតិ​របស់​យើង អ្វី​ដែល​សំខាន់​គឺ​ភាព​ស្មោះត្រង់​របស់​យើង គឺ​ភាព​ថ្លៃថ្នូរ​របស់​យើង ថា​យើង​ចង់​បាន​អី យើង​ត្រូវតែ​ហ៊ាន​លះបង់​ទាំង​អស់​ដើម្បី​ឆ្ពោះ​ទៅ​គោលដៅ​របស់​យើង តែ​វិល​ត្រឡប់​មក​ការ​លាលែង​របស់​ខ្ញុំ​នេះ ឥឡូវ​យល់​ទាំង​អស់​គ្នា​ហើយ គឺ​ដើម្បី​ការពារ​គណបក្ស»។

មាន​អាយុ ៦៨​ឆ្នាំ លោក សម រង្ស៊ី ដែល​មាន​ឪពុក​ជា​អតីត​អ្នក​នយោបាយ​ជើងចាស់​មួយ​រូប​ក្នុង​សម័យ​បារាំង និង​សម័យ​សង្គម​រាស្ត្រនិយម លោក សម រង្ស៊ី  បាន​ចាប់​ផ្ដើម​ចូលរួម​ប្រឡូក​ក្នុង​ជីវិត​នយោបាយ​ក្នុង​ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច នៅ​ទសវត្សរ៍​ទី​៨០។ នៅ​មុន​នេះ គឺ​លោក​បាន​បំពេញ​ការងារ​ក្នុង​មុខ​តំណែង​កំពូលៗ​នៅ​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ក្នុង​ប្រទេស​បារាំង។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការ​ចាត់ចែង​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ការ​បោះឆ្នោត​នោះ លោក សម រង្ស៊ី បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មាន​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្វើ​ជា​ប្រធាន​បក្ស។

ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ លោក សម រង្ស៊ី ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​១៩៩៣ ដោយសារ​តែ​ជំនាញ​សេដ្ឋកិច្ច​ដែល​លោក​បាន​រៀន​ចប់​នៅ​ប្រទេស​បារាំង។ គេ​នៅ​ចាំ​បាន​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក សម រង្ស៊ី ដឹកនាំ​ការ​ប្រមូល​ពន្ធដារ​បាន​ច្រើន ធ្វើ​អោយ​ថវិកា​ក្នុង​ធនាគារ​ជាតិ​មាន​តិចតួច នោះ​កើន​ឡើង​បាន​ច្រើន។ លោក​បាន​ដឹកនាំ​សមត្ថកិច្ច​រឹប​អូស​ទំនិញ​គ្មាន​បង់ពន្ធ និង​តម្រូវ​អោយ​ឈ្មួញ​បង់ពន្ធ​ជូន​រដ្ឋ។ ការ​ខិតខំ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក សម រង្ស៉ី ធ្វើ​អោយ​ឈ្មួញ​ធំ​គ្រាក់ៗ​ដែល​មាន​ខ្នង​ក្រាស់​ដូចជា​លោក ថេង ប៊ុនម៉ា ថៅកែ​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ជាដើម ស្អប់​លោក។ ពេល​នោះ នាយករដ្ឋមន្ត្រី​ទាំង​ពីរ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន មិន​បាន​នៅ​ខាង​លោក សម រង្ស៊ី ទេ ប៉ុន្តែ​នៅ​ខាង​លោក ថេង ប៊ុនម៉ា។  នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សម្រេច​ដក​លោក សម រង្ស៊ី ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​១៩៩៤។ ការ​ដក​តំណែង​លោក សម រង្ស៊ី នៅ​ពេល​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឲ្យ​ចុះ​ទន់​ខ្សោយ។

ដោយ​មិន​អាច​នៅ​កសាង​អនាគត​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ត​ទៀត លោក សម រង្ស៊ី បាន​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួន​ឯង​ឈ្មោះ​គណបក្ស "ជាតិ​ខ្មែរ" ដែល​ក្រោយ​មក​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស "សម រង្ស៊ី" ដែល​ជា​ឈ្មោះ​របស់​លោក​ផ្ទាល់​ដើម្បី​ជៀសវាង​បញ្ហា​ក្នុង​ការ​ចុះ​បញ្ជី។ បើ​ទោះ​ជា​បង្កើត​ឡើង​បាន​តែ ៣​ឆ្នាំ​ក្តី គណបក្ស សម រង្ស៊ី បាន​ទទួល​ជ័យជំនះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ដោយ​ឈ្នះ​អាសនៈ​តំណាងរាស្ត្រ​ចំនួន ១៥ ក្នុង​រដ្ឋ​សភា។

ទោះ​ជា​យ៉ាង​ណា មុន​នឹង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ចំនួន​១៥ នៅ​ពេល​នោះ លោក សម រង្ស៊ី បាន​ហែល​ឆ្លង​កាត់​ជីវិត​នយោបាយ​ដ៏​មហា​សែន​គ្រោះថ្នាក់​មិន​ធ្លាប់​មាន ចាប់​តាំង​ពី​លោក​បាន​ចូល​ប្រឡូក​ក្នុង​នយោបាយ​តាំង​ពី​ទសវត្សរ៍​ទី​៨០ មក។ ព្រឹត្តិការណ៍​បោក​គ្រាប់បែក នៅ​ឆ្នាំ​១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង ដែល​ឃាតក​មាន​បំណង​ផ្ដាច់​យក​ជីវិត​លោក សម រង្ស៊ី គឺ​ជា​ព្រឹត្តិការណ៍​ដែល​លោក សម រង្ស៊ី មិន​អាច​បំភ្លេច​បាន។ ប៉ុន្តែ​ជា​កុសល លោក សម រង្ស៊ី ត្រូវ​បាន​អង្គរក្ស​យក​ខ្លួន​ទៅ​ពាំង​គ្រាប់​បែក​ជំនួស ជា​ហេតុ​ធ្វើ​ឲ្យ​លោក​នៅ​មាន​ជីវិត​រហូត​មក​ទល់​សព្វថ្ងៃ។

ជីវិត​នយោបាយ​គ្រោះថ្នាក់​របស់​លោក សម រង្ស៊ី មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ បញ្ហា​នៅ​តែ​បន្ត​កើត​ឡើង​ចំពោះ​រូប​លោក​ជា​ហូរហែ មាន​ទាំង​ការ​គំរាមកំហែង​យក​ជីវិត ការ​ប្ដឹងផ្ដល់​នៅ​តុលាការ ការ​គំរាម​ចាប់​ដាក់​គុក ឬ​ការ​បង្ខំ​ឲ្យ​និរទេស​ខ្លួន​ជាដើម។ ទោះជា​បែប​នេះ​ក្ដី លោក សម រង្ស៊ី បាន​ដឹកនាំ​គណបក្ស​របស់​លោក​រីកចម្រើន និង​ទទួល​បាន​លទ្ធផល​ប្រសើរ​ក្នុង​ការ​បោះឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ គឺ​ទទួល​បាន​ពី ១៥ អាសនៈ​ក្នុង​ឆ្នាំ​១៩៩៨ ដល់ ២៤ អាសនៈ​ក្នុង​ឆ្នាំ​២០០៣ និង ២៦ អាសនៈ​នៅ​ក្នុង​ឆ្នាំ​២០០៨។ នេះ​គេ​នៅ​មិន​ទាន់​គិត​ទៅ​ដល់​ភាព​មិន​ប្រក្រតី​នានា​ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​បាន​រក​ឃើញ​នៅ​ក្នុង​ពេល​បោះឆ្នោត​រៀងរាល់​អាណត្តិ​ផង។

​លុះ​មក​ជិត​ដល់​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ដោយ​មើល​ឃើញ​ថា ការ​ដែល​អ្នក​ប្រជាធិបតេយ្យ​និយម​នៅ​បែក​ខ្ញែក​គ្នា​អាច​ធ្វើ​ឲ្យ​បែក​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស សម រង្ស៊ី និង​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​សម្រេច​រួបរួម​ច្របាច់​បក្ស​ទាំង​២ បញ្ចូល​គ្នា រួច​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ចូល​ប្រកួត​ក្នុង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥ នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​រូប​ព្រះអាទិត្យ​រះ​ជា​និមិត្តរូប។ ជា​លទ្ធផល​នៃ​ការ​រួបរួម​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្រូប​យក​សំឡេង​គាំទ្រ​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​បាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​រហូត​ដល់ ៥៥ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣។ ទោះ​ជា​បែប​នេះ​ក្តី គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​នៅ​មិន​អស់​ចិត្ត​ចំពោះ​លទ្ធផល​នេះ​ឡើយ ដោយ​លើក​ឡើង​ថា ប្រសិនបើ​ការ​បោះឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ អ្នក​ដែល​ឈ្នះ​ការ​បោះឆ្នោត​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ។

ដោយសារ​តែ​ការ​មិន​អស់ចិត្ត​នេះ​ហើយ ទើប​បក្ស​ប្រឆាំង​មិន​ព្រម​ទទួល​យក​លទ្ធផល​ឆ្នោត ហើយ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម។ ប៉ុន្តែ​ទីបំផុត​ដើម្បី​បញ្ចៀស​នូវ​ការ​ប្រឈម​ហិង្សា​រវាង​ខ្មែរ និង​ខ្មែរ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ងាក​ទៅ​រក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ឈាន​ដល់​ការ​សម្របសម្រួល​នយោបាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ទោះជា​យ៉ាង​ណា ភាព​ល្អូកល្អិន​នយោបាយ​រវាង​មេដឹកនាំ​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច បាន​ត្រឹម​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ភាគី​ទាំង​២ ចាប់​ផ្ដើម​ពាក់​មុខ​យក្ស​ដាក់​គ្នា​ជា​ថ្មី បន្ទាប់​ពី​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ។ មិន​យូរ​ប៉ុន្មាន​ការ​ប្ដឹងផ្ដល់​ទៅ​កាន់​តុលាការ​បាន​រាលដាល​ដល់​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ជា​ថ្នាក់ដឹកនាំ​បក្ស។ ដោយសារតែ​ការ​ប្ដឹងផ្ដល់​ជា​ច្រើន​នៅ​តុលាការ​នេះ​ហើយ ទើប​បង្ខំចិត្ត​ឲ្យ​លោក សម រង្ស៊ី ចាក​ចេញ​ពី​ប្រទេស ហើយ​ទីបំផុត​រដ្ឋាភិបាល​ក៏​ប្រកាស​ហាម​មិន​ឲ្យ​លោក​ចូល​ស្រុក​ទៀត​ផង។

ក្រៅ​ពី​ហាម​មិន​ឲ្យ​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចូល​ស្រុក ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថែម​ទាំង​ប្រកាស​ឲ្យ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ឈាន​ដល់​ការ​រារាំង​លោក សម រង្ស៊ី ពី​ការ​ដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយ​បក្ស​ប្រឆាំង​ទៀត​ផង។ ដោយសារ​តែ​ខ្លាច​គេ​រំលាយ​បក្ស​នេះ​ហើយ ទើប​លោក សម រង្ស៊ី ប្រកាស​ថា លោក​សុខ​ចិត្ត​បោះបង់​តួនាទី​ជា​ប្រធាន និង​ចាក​ចេញពី​បក្ស​នៅ​ពេល​នេះ។

ទោះជា​យ៉ាងណាក៏ដោយ នេះ​អាច​មិន​មែន​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​ខ្លួន​ឯង​របស់​លោក សម រង្ស៊ី នោះ​ឡើយ។ លោក សម រង្ស៊ី ថ្លែង​ថា នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ លោក​នៅ​តែ​រក្សា​ឧត្ដម​គតិ​សង្គ្រោះ​ជាតិ​ជា​និច្ច​នៅ​ក្នុង​បេះដូង​របស់​លោក។ លោក សម រង្ស៊ី បញ្ជាក់​ថា អនាគត​ប្រទេស​ជាតិ នៅ​វែងឆ្ងាយ ដូច្នេះ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​មាន​ឱកាស​ធ្វើការ​ជាមួយ​គ្នា​ទោះ​ក្នុង​រូបភាព​ណា​ក្តី​ដើម្បី​សម្រេច​បំណង​របស់​គណបក្ស នោះ​គឺ​ការ​សង្គ្រោះ​ជាតិ។

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ការ​សម្រេច​ចិត្ត​លាលែង​ពី​ប្រធាន​បក្ស​របស់​លោក សម រង្ស៊ី ពេល​នេះ គឺ​ធ្វើ​តាម​កាលៈទេសៈ​បង្ខំ​ប៉ុណ្ណោះ ហើយ​លោក​អាច​វិល​មក​ចាប់​អាជីព​ជា​អ្នក​នយោបាយ​ជា​ថ្មី នៅ​ពេល​កាលៈទេសៈ​អំណោយ​ផល​សម្រាប់​លោក និង​សម្រាប់​គណបក្ស​របស់​លោក៕

2 comments:

kohtral said...

Go back to France Ah Sam Rainsy. Your political life is finished.

You deserve it Ah choy mray Sam Rainsy.

Four-million Souls said...

No point, what Sam did was encouraging ah Kok Hun Sen to build more forces to kill all Khmers. Sam is a liar. In fac, he was being hired by ah Kok and his bosses to play their game. Now that his contract comes to an end. He quits. Once he said political life is like a staged drama, all are a team players. So, he is one of them, set to fool her and her people. Therefore, he too has Khmers blood in his hands, known as 'cold blood murderer'. Yet, some people still think he is a hero. In fact not, but a murderer. He even went to Vietnam to settle his case, in term of what to do next. As seen, he had to leave his political life, to cover up the whole case. In the end. Sam got off with million dollars deal. All in swize bank account, where no one can trace it.